1 ឱបើទ្រង់ជាប្អូនប្រុសនៃខ្ញុំម្ចាស់ទៅអេះជាអ្នកដែលបានបៅដោះម្តាយរបស់ខ្ញុំម្ចាស់ដូច្នេះ កាលណាខ្ញុំម្ចាស់ប្រទះនឹងទ្រង់នៅខាងក្រៅនោះខ្ញុំម្ចាស់នឹងថើបទ្រង់ចេះតែបានឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ផង
2 ខ្ញុំនឹងនាំទ្រង់ចូលទៅក្នុងផ្ទះម្ដាយរបស់ខ្ញុំម្ចាស់ម្តាយនឹងបង្រៀនដល់ខ្ញុំម្ចាស់ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូបជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយ
3 នោះព្រះហស្តឆ្វេងទ្រង់នឹងទ្រក្បាលខ្ញុំម្ចាស់ហើយព្រះហស្តស្តាំនឹងឱបខ្ញុំម្ចាស់
4 ឱពួកកូនស្រីក្រុងយេរូសាឡិមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថានាងទាំងឡាយនឹងមិនអង្រួនឬដាស់ស្ងួនសំឡាញ់ខ្ញុំឡើយចាំទាល់តែទ្រង់សព្វព្រះទ័យ។
5 ៙ តើនាងណានុ៎ះ ដែលឡើងមកពីទីរហោស្ថានកំពុងផ្អែកលើអ្នកស្ងួនសំឡាញ់របស់នាងដូច្នេះ។៙ អញបានបណ្តាលឲ្យឯងមានសេចក្តីស្រឡាញ់នៅក្រោមដើមសារីជាទីដែលម្តាយឯងបានឈឺនឹងសំរាលជាទីដែលអ្នកឈឺនឹងសំរាលបានបង្កើតឯងមក។
6 ៙ សូមប្តិតខ្ញុំម្ចាស់និត្យនៅព្រះទ័យទ្រង់ដូចជាត្រាគឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផងដ្បិតសេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយជំហួលនៃសេចក្តីនោះក៏ជាជំហួលនៃភ្លើងជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ
7 ទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយទឹកជំនន់នឹងពន្លិចក៏មិនបានដែរទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់រលីងឲ្យបានសេចក្តីស្រឡាញ់គង់តែអ្នកនោះនឹងត្រូវបានសេចក្តីមើលងាយទទេៗវិញ។
8 ៙ យើងមានប្អូនស្រី១ មិនទាន់ដុះដោះនៅឡើយតើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើងនៅថ្ងៃដែលមានគេមកដណ្តឹង។
9 ៙ បើនាងជាកំផែង យើងនឹងធ្វើប៉មពីប្រាក់នៅពីលើបើសិនជានាងជាផ្ទាំងទ្វារ នោះយើងនឹងធ្វើក្របពីឈើតាត្រៅឲ្យនាង។
10 ៙ ឯខ្ញុំជាកំផែងពិត ដោះរបស់ខ្ញុំជាប៉មហើយតាំងពីនោះខ្ញុំនៅចំពោះព្រះនេត្រទ្រង់ ដូចជាអ្នកដែលបណ្តាលឲ្យមានសេចក្តីសុខ
11 ស្តេចសាឡូម៉ូនទ្រង់មានចំការទំពាំងបាយជូរនៅត្រង់បាល-ហាម៉ូនទ្រង់បានប្រវាស់ទៅឲ្យពួកអ្នកដទៃធ្វើដែលពួកនោះគ្រប់ៗគ្នាត្រូវនាំយកប្រាក់១ពាន់ដួងមកថ្វាយដើម្បីឲ្យបានផលចំការនោះ
12 ឯចំការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខខ្ញុំម្ចាស់នេះហើយឯទ្រង់ ឱសាឡូម៉ូនអើយទ្រង់នឹងបានប្រាក់១ពាន់នោះហើយពួកអ្នកដែលធ្វើចំការនឹងបានដល់២រយដែរ
13 ឱនាងដែលអាស្រ័យនៅក្នុងសួនអើយពួកភឿនរង់ចាំស្តាប់សំឡេងឯងសូមឲ្យអញបានឮផង។
14 ៙ ឱស្ងួនសំឡាញ់របស់ខ្ញុំម្ចាស់អើយសូមឆាប់ៗធ្វើដូចជាប្រើស ឬក្តាន់ស្ទាវនៅលើភ្នំគ្រឿងក្រអូបទៅ។:៚