1 ខ្ញុំជាផ្កាកុឡាបដែលដុះនៅវាលសារ៉ុនជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។
2 ៙ មាសសំឡាញ់របស់អញនៅកណ្តាលពួកកូនស្រីៗប្រៀបដូចជាកំភ្លឹងដុះនៅកណ្តាលគុម្ពបន្លា។
3 ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗនោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំងហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ
4 ទ្រង់បាននាំខ្ញុំទៅឯផ្ទះស៊ីលៀងហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំគឺជាសេចក្តីស្រឡាញ់
5 សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរហើយចំរើនកំឡាំងខ្ញុំដោយផ្លែសារីផងដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
6 ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំហើយព្រះហស្តស្តាំក៏ឱបខ្ញុំ
7 ឱពួកកូនស្រីក្រុងយេរូសាឡិមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើសនិងពួកក្តាន់នៅវាលថានាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ខ្ញុំឡើយចាំទាល់តែទ្រង់សព្វព្រះទ័យ។
8 ៙ នុ៎ះន៏ សំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំមើល ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំហើយលោតសំទុះក្អែក នៅលើទួល
9 ស្ងួនសំឡាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវមើល ទ្រង់ឈរនៅខាងក្រៅកំផែងហើយទ្រង់អើតមើលតាមបង្អួចហើយក្រឡេកមើលតាមចន្លោះប្រដឹស។
10 ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានមានព្រះបន្ទូលនឹងខ្ញុំថាមាសសំឡាញ់អើយ ចូរក្រោកឡើងស្រស់ប្រិមប្រិយអើយ ចូរចេញមក
11 ដ្បិតមើល រដូវរងាកន្លងទៅហើយភ្លៀងក៏រាំងស្រឡះហើយដែរ
12 ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដីពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ
13 ដើមល្វាមានផ្លែខ្ចីកំពុងតែទុំហើយដើមទំពាំងបាយជូរកំពុងតែផ្កាក៏ផ្សាយក្លិនក្រអូបឈ្វេងដូច្នេះ ចូរក្រោកឡើង មាសសំឡាញ់អើយឱស្រស់ប្រិមប្រិយអើយ ចូរចេញមក
14 ឱព្រាបអញអើយ ឯងនៅតែក្នុងក្រហែងថ្មឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអីសូមឲ្យអញឃើញមុខឯង ហើយស្តាប់សំឡេងឯងផងដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។
15 ៙ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មានដែលបំផ្លាញចំការទំពាំងបាយជូរទៅដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ
16 ស្ងួនសំឡាញ់ខ្ញុំជារបស់ផងខ្ញុំ ខ្ញុំក៏ជារបស់ផងទ្រង់ដែរទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង
17 ឱស្ងួនសំឡាញ់អើយ សូមវិលទៅវិញធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើភ្នំបេធើរចាំដល់ថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។