យ៉ូប 10 KHOV

ព្រះ‌ជា‌ម្ចាស់​ឲ្យ​ខ្ញុំ​កើត​មក ដើម្បី​បំផ្លាញ​ខ្ញុំ

1 ចិត្ត​ខ្ញុំ​ជិន‌ណាយ​នឹង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​សេចក្តី​ដំអូញ​របស់​ខ្ញុំ​ចេញ​ហូរ‌ហែ ខ្ញុំ​នឹង​និយាយ ដោយ​សេចក្តី​ជូរ​ល្វីង​ក្នុង​ចិត្ត

2 ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ថា សូម​កុំ​កាត់​ទោស​ទូល‌បង្គំ សូម​បង្ហាញ​ហេតុ​ដែល​ទ្រង់​ត​តាំង​នឹង​ទូល‌បង្គំ​វិញ

3 ដែល​សង្កត់‌សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ទ្រង់​ឬ បាន​ជា​ទ្រង់​មើល‌ងាយ​ដល់​ស្នាដៃ​របស់​ទ្រង់ ហើយ​ប្រោស​ឲ្យ​ពន្លឺ​ទ្រង់ មក​បំភ្លឺ​គំនិត​របស់​មនុស្ស​អាក្រក់​វិញ

4 តើ​ព្រះ‌នេត្រ​ទ្រង់​ជា​ភ្នែក​សាច់​ឈាម ឬ​ទ្រង់​ទត​ឃើញ​ដូច​ជា​មនុស្ស​ឬ​អី

5 តើ​ព្រះ‌ជន្ម​នៃ​ទ្រង់​ដូច​ជា​អាយុ​របស់​មនុស្ស ឬ​អស់​ទាំង​ឆ្នាំ​នៃ​ទ្រង់​ត្រូវ​នឹង​ថ្ងៃ​របស់​មនុស្ស​ឬ​ទេ

6 បាន​ជា​ទ្រង់​ស៊ើប​សួរ​រក​សេចក្តី​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយ​ស្វែង​រក​អំពើ​បាប​នៃ​ទូល‌បង្គំ​ដូច្នេះ

7 ទ្រង់​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​មែន​អាក្រក់ ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​បាន

8 គឺ​ព្រះ‌ហស្ត​នៃ​ទ្រង់ ដែល​បង្កើត​រាង​កាយ ហើយ​សំរេច​រូប​ទូល‌បង្គំ​ឲ្យ​ជាប់​គ្នា​គ្រប់​ផ្នែក តែ​ទ្រង់​បំផ្លាញ​ទូល‌បង្គំ​វិញ

9 សូម​ទ្រង់​នឹក​ចាំ​ថា ទ្រង់​បាន​សូន​រូប​ទូល‌បង្គំ ដូច​ជា​គេ​សូន​ដី​ឥដ្ឋ ចុះ​តើ​ទ្រង់​គិត​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ

10 តើ​ទ្រង់​មិន​បាន​ចាក់​ទូល‌បង្គំ​ចេញ​ដូច​ជា​ទឹក​ដោះ ហើយ​ឲ្យ​ទូល‌បង្គំ​កក​ខន់​ដូច​ជា​ផែន​ទឹក​ដោះ​ទេ​ឬ​អី

11 ទ្រង់​បាន​បំពាក់​ទូល‌បង្គំ​ដោយ​សាច់ និង​ស្បែក ព្រម​ទាំង​ថ្ពាន់​ទូល‌បង្គំ​ឲ្យ​ជាប់​គ្នា​ដោយ​ឆ្អឹង និង​សរសៃ

12 ទ្រង់​បាន​ប្រោស​ផ្តល់​ជីវិត និង​សេចក្តី​សប្បុរស​ដល់​ទូល‌បង្គំ ហើយ​ការ​ឃុំ​គ្រង​របស់​ទ្រង់​បាន​គាំពារ​ជីវិត​ទូល‌បង្គំ។

13 ប៉ុន្តែ​សេចក្តី​ទាំង​នេះ​ទ្រង់​បាន​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​វិញ ទូល‌បង្គំ​ដឹង​ហើយ​ថា នេះ​នៅ​តែ​ក្នុង​ទ្រង់​ទេ

14 គឺ​ថា បើ​ទូល‌បង្គំ​ធ្វើ​បាប នោះ​ទ្រង់​ចំណាំ​ទូល‌បង្គំ​ទុក ហើយ​ទ្រង់​មិន​លែង​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​ទោស​ឡើយ

15 បើ​ទូល‌បង្គំ​អាក្រក់​មែន នោះ​វរ‌ហើយ តែ​បើ​សុចរិត​វិញ នោះ​ក៏​មិន​បាន​ងើប​ក្បាល​ឡើង​ដែរ ដោយ​មាន​ពេញ​ជា​សេចក្តី​ខ្មាស ហើយ​មើល​តែ​សេចក្តី​វេទនា​របស់​ទូល‌បង្គំ

16 បើ​កាល​ណា​ក្បាល​ទូល‌បង្គំ​ងើប​ឡើង នោះ​ទ្រង់​ដេញ​ទូល‌បង្គំ​ដូច​ជា​សិង្ហ រួច​ទ្រង់​សំដែង​ព្រះ‌ចេស្តា​យ៉ាង​អស្ចារ្យ​លើ​ទូល‌បង្គំ​ទៀត

17 ទ្រង់​ចេះ​តែ​មាន​សាក្សី​ថ្មី​ទាស់​នឹង​ទូល‌បង្គំ ក៏​ចំរើន​សេចក្តី​គ្នាន់‌ក្នាញ់​ទាស់​នឹង​ទូល‌បង្គំ គឺ​មាន​សេចក្តី​ប្រែ‌ប្រួល នឹង​សេចក្តី​តតាំង​នៅ​ជាប់​នឹង​ទូល‌បង្គំ​ជានិច្ច។

18 យ៉ាង​នោះ ម្តេច​ក៏​ទ្រង់​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ​មក ឱ​បើ​ទូល‌បង្គំ​បាន​ស្លាប់​វិញ ឥត​មាន​អ្នក​ណា​ឃើញ​ទៅ​អេះ

19 នោះ​ទូល‌បង្គំ​នឹង​បាន​ដូច​ជា​មិន​ដែល​កើត​មក​សោះ គេ​នឹង​បាន​នាំ​យក​ទូល‌បង្គំ​ពី​ផ្ទៃ​ម្តាយ​ទៅ​កប់​តែ​ម្តង

20 តើ​អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ​មិន​មែន​តិច​ណាស់​ទេ​ឬ​អី ដូច្នេះ សូម​ឈប់ ទុក​ឲ្យ​ទូល‌បង្គំ​នៅ​តែ​ឯង​ចុះ ដើម្បី​ឲ្យ​បាន​សំរាក​បន្តិច

21 មុន​ដែល​ទូល‌បង្គំ​ទៅ​ឯ​ទី​ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ គឺ​ដល់​ស្ថាន​នៃ​សេចក្តី​ងងឹត និង​ម្លប់​នៃ​សេចក្តី​ស្លាប់

22 ជា​ស្ថាន​ដែល​ងងឹត​ឈឹង ដូច​ជា​យប់​ជ្រៅ ជា​ទី​ម្លប់​នៃ​សេចក្តី​ស្លាប់ ដែល​ឥត​មាន​របៀប​អ្វី ជា​កន្លែង​ដែល​ទាំង​ពន្លឺ ក៏​ដូច​ជា​កណ្តាល​អធ្រាត្រ​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42