1 ឯយ៉ូបក៏បន្តសេចក្តីអធិប្បាយរបស់លោកទៅទៀតថា
2 ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានដកសេចក្តីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ដែលទ្រង់បានធ្វើឲ្យព្រលឹងខ្ញុំជូរចត់ ថា
3 កាលខ្ញុំនៅមានដង្ហើមចេញចូល ហើយមានខ្យល់វិញ្ញាណនៃព្រះនៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ
4 នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្តីអាក្រក់ ហើយអណ្តាតខ្ញុំក៏មិនបញ្ចេញពាក្យភូតភរឡើយ
5 ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ នោះសូមឲ្យនៅឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង
6 ខ្ញុំនឹងប្រកាន់សេចក្តីសុចរិតរបស់ខ្ញុំ ឲ្យជាប់លាប់ឥតលែងតទៅ ក្នុងកាលដែលខ្ញុំរស់នៅឡើយ នោះចិត្តមិនប្រកាន់ទោសខ្ញុំជាដរាប។
7 សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំបានរាប់ជាទុច្ចរិតផង
8 ដ្បិតទោះបើមនុស្សទមិលល្មើសបានកំរៃក៏ដោយ នោះតើនឹងមានសេចក្តីសង្ឃឹមអ្វី ក្នុងកាលដែលព្រះទ្រង់ដកយកព្រលឹងគេទៅ
9 តើព្រះនឹងឮសំរែករបស់គេ ក្នុងកាលដែលគេកើតមានសេចក្តីលំបាកឬ
10 តើគេនឹងយកព្រះដ៏មានគ្រប់ព្រះចេស្តាជាទីពេញចិត្តដល់គេ ហើយអំពាវនាវដល់ទ្រង់រាល់ពេលវេលាដែរឬ
11 ខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាយល់ពីដំណើរព្រះហស្តនៃព្រះ ឯអ្វីៗដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា នោះខ្ញុំមិនគ្របបាំងឡើយ
12 មើល អ្នករាល់គ្នាក៏បានឃើញសេចក្តីទាំងនេះហើយ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាកើតមានគំនិតផ្តេសផ្តាសអីម៉្លេះ។
13 នេះហើយជាចំណែកដែលព្រះបំរុងទុកដល់មនុស្សអាក្រក់ គឺជាសេចក្តីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
14 បើកាលណាកូនចៅគេបានចំរើនជាច្រើនឡើង នោះគឺសំរាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ
15 ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ
16 ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសំលៀកបំពាក់ដូចជាភក់
17 នោះគេនឹងរៀបចំបាន តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ ហើយពួកអ្នកដែលផូរផង់គេនឹងចែកប្រាក់គ្នា
18 ពួកអាក្រក់នោះគេសង់ផ្ទះខ្លួន ដូចជាមេអំបៅ ហើយដូចជាបង្ហាដែលអ្នកចាំយាមធ្វើ
19 គេដេកទៅទាំងមានទ្រព្យ តែគ្មានអ្នកណារៀបចំកប់ឲ្យទេ គេបើកភ្នែកឡើង ហើយគ្មានខ្លួនគេទៀត
20 សេចក្តីស្ញែងខ្លាចក៏តាមគេទាន់ ដូចជាទឹកជន់ ខ្យល់កួចនាំយកគេទៅបាត់ទាំងយប់
21 ខ្យល់ពីខាងកើតផាត់យកគេ ឲ្យគេបាត់ទៅ ក៏បោសរំលីងគេចេញពីទីកន្លែងរបស់គេ
22 ព្រះទ្រង់បោះទៅលើគេឥតប្រណី គេចង់រត់គេចចេញឲ្យរួចពីព្រះហស្តទ្រង់ទៅ
23 មនុស្សទាំងឡាយទះដៃនឹងគេ ព្រមទាំងធ្វើស៊ីសស៊ូស បណ្តេញគេចេញពីកន្លែងទៅផង។