យ៉ូប 6 KHOV

យ៉ូប​រអ៊ូ‌រទាំ​នឹង​មិត្ត‌ភក្តិ​របស់​លោក

1 នោះ​យ៉ូប​លោក​ឆ្លើយ​ឡើង​ថា

2 ឱ​បើ​សេចក្តី​មួម៉ៅ​របស់​ខ្ញុំ​បាន​ថ្លឹង​មើល ដោយ​ដាក់​នៅ​ជញ្ជីង ជា​មួយ​នឹង​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទៅ​អេះ

3 នោះ​នឹង​បាន​ធ្ងន់​ជាង​ខ្សាច់​សមុទ្រ​ទៅ​ទៀត គឺ​ហេតុ​នោះ​បាន​ជា​ពាក្យ​ខ្ញុំ បាន​ជ្រួស‌ហួស​ទៅ

4 ពី​ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ​ទៅ អស់​ទាំង​សេចក្តី​ស្ញែង​ខ្លាច​របស់​ព្រះ​បាន​ដំរៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ

5 បើ​លា​ព្រៃ​មាន​ស្មៅ​ស៊ី​តើ​វា​ស្រែក​ដែរ​ឬ តើ​គោ‌រោទ៍​កំពុង​ដែល​ស៊ី​ចំបើង​ឬ

6 ឯ​របស់​ដែល​គ្មាន​រស‌ជាតិ តើ​នឹង​បរិភោគ​ឥត​អំបិល​បាន​ឬ​ទេ តើ​ស​របស់​ពង​មាន​រស​ឬ​ទេ

7 សេចក្តី​ដែល​ចិត្ត​ខ្ញុំ​មិន​ព្រម​ប៉ះពាល់ នោះ​ទុក​ដូច​ជា​អាហារ​ដែល​គួរ​ឆ្អើម​ដល់​ខ្ញុំ។

8 ឱ​បើ​សិន​ជា​ខ្ញុំ​នឹង​បាន​ដូច​សេចក្តី​សំណូម ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន តាម​បំណង​ចិត្ត​ទៅ​អេះ

9 គឺ​ឲ្យ​ព្រះ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កិន​កំទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត​ទ្រង់ ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ

10 យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្តី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្តី​រីក‌រាយ​ក្នុង​សេចក្តី​ឈឺ​ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ពី​ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ

11 តើ​កំឡាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត តើ​ចុង​បំផុត​ខ្ញុំ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់

12 តើ​កំឡាំង​ខ្ញុំ​ជា​កំឡាំង​នៃ​ថ្ម​ឬ​អី ឯ​សាច់​ខ្ញុំ តើ​ជា​លង្ហិន​ដែរ​ឬ

13 នេះ​តើ​មិន​មែន​ដោយ​ព្រោះ​គ្មាន​ទី​ពឹង​ក្នុង​ខ្លួន​ខ្ញុំ​ទេ​ឬ ហើយ​ប្រាជ្ញា​ក៏​បាន​ត្រូវ​បណ្តេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ​ឬ។

14 ឯ​អ្នក​ណា​ដែល​កំពុង​តែ​រង​ទុក្ខ​វេទនា នោះ​គួរ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​សំដែង​សេចក្តី​អាណិត‌អាសូរ​ដែរ ទោះ​បើ​ជា​អ្នក​ដែល​លែង​កោត‌ខ្លាច ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក៏​ដោយ

15 ឯ​បង​ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ

16 ជា​ទឹក​ដែល​មើល​ទៅ​ខ្មៅៗ ដោយ​ព្រោះ​កក​ហើយ ក៏​មាន​ហិមៈ​នៅ​កប់​ក្នុង​នោះ​ដែរ

17 លុះ​មាន​ពេល​ក្តៅ​ក៏​រលាយ​ទៅ រួច​ដល់​រដូវ​ក្តៅ ទឹក​នោះ​រីង​បាត់​ពី​កន្លែង​អស់​រលីង

18 ពួក​ដំណើរ​ដែល​ដើរ​តាម​ផ្លូវ​នោះ​ក៏​បែរ​ចេញ គេ​កប់​បាត់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ត្រូវ​វិនាស​សូន្យ​ទៅ

19 ពួក​ដំណើរ​សាសន៍​ថេម៉ាន គេ​ដើរ​មក​រក ពួក​សាសន៍​សេបា​ក៏​ទន្ទឹង​ចាំ

20 គេ​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​បាន​ទុក​ចិត្ត គេ​បាន​ទៅ​ដល់​ទី​នោះ តែ​ត្រូវ​ទាល់​បើ​គិត

21 គឺ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​ឃើញ​សេចក្តី​វេទនា​របស់​ខ្ញុំ ហើយ​ក៏​ស្លុត​ក្នុង​ចិត្ត

22 តើ​ខ្ញុំ​បាន​ថា សូម​មេត្តា​ឲ្យ​អ្វី​មក​ខ្ញុំ ឬ​ថា សូម​យក​ទ្រព្យ‌សម្បត្តិ​ខ្លះ​របស់​អ្នក​ថ្វាយ​ជា​ដង្វាយ​ឲ្យ​ខ្ញុំ​ផង​ឬ​អី

23 តើ​បាន​ថា សូម​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ឬ​ថា សូម​លោះ​ខ្ញុំ​ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​សង្កត់‌សង្កិន​ឬ​អី។

24 សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស‌ឆ្គង​អ្វី

25 ពាក្យ​សំដី​ត្រឹម​ត្រូវ នោះ​ពូកែ​បណ្តាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្តី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ

26 ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សំដី​ឬ​អី

27 អើ អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្រ​សំឡាញ់​ខ្លួន​ផង

28 ដូច្នេះ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ឲ្យ​ពេញ​ភ្នែក​ចុះ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ​នឹង​អ្នក​រាល់​គ្នា​ទេ

29 សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្តី​អយុត្តិ‌ធម៌​ឡើយ អើ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្តី​សុចរិត​ទេ

30 តើ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​អណ្តាត​ខ្ញុំ​ឬ តើ​ខ្ញុំ​មិន​ចេះ​ភ្លក់​ដឹង​សេចក្តី​ខូច​កាច​ទេ​ឬ​អី។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42