យ៉ូប 39 KHOV

1 តើ​ឯង​ដឹង​ជា​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សំរាល​កូន ឬ​នឹង​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទំលាក់​កូន​ឬ​ទេ

2 តើ​ឯង​នឹង​កំណត់​ដឹង​ជា​វា​ត្រូវ​មាន​ទំងន់​ប៉ុន្មាន​ខែ ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ

3 វា​ចំកោង​ខ្លួន​សំរាល​កូន​មក រួច​ផុត​ពី​សេចក្តី​ឈឺ​ចាប់​របស់​វា

4 កូន​វា​ត្រឡប់​ជា​រឹង‌ប៉ឹង ហើយ​ក៏​ធំ​ឡើង​នៅ​វាល​ស្រឡះ រួច​ឃ្លាត​ចេញ​ពី​មេ​ទៅ ឥត​ត្រឡប់​មក​វិញ​ឡើយ។

5 តើ​អ្នក​ណា​បាន​លែង​លា​ព្រៃ ឲ្យ​មាន​សេរី‌ភាព ឬ​អ្នក​ណា​បាន​ស្រាយ​ចំណង​លា​ផ្លាង

6 ដែល​អញ​បាន​ឲ្យ​មាន​ទី​កន្លែង​នៅ​ទី​រហោ‌ស្ថាន ហើយ​ទី​មាន​ដី​ប្រៃ​ជា​លំនៅ​វា

7 វា​តោះ‌តើយ​នឹង​ការ​អ៊ឹក‌ធឹក​នៅ​ទី​ក្រុង ក៏​មិន​ឮ​សំរែក​នៃ​អ្នក​បញ្ចេរ​វា​ឡើយ

8 ដង​ភ្នំ​ជា​ទី​រក​ស៊ី​របស់​វា វា​ខំ​ស្វែង​រក​អស់​ទាំង​ស្លឹក​ខៀវ​ខ្ចី។

9 តើ​គោ​ព្រៃ​នឹង​សុខ​ចិត្ត​ឲ្យ​ឯង​ប្រើ​ឬ តើ​វា​នឹង​នៅ​ជាប់​ក្បែរ​ទ្រុង​ស្មៅ​របស់​ឯង​ឬ

10 ឯង​អាច​នឹង​ចង​គោ​ព្រៃ​ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ

11 តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កំឡាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ

12 តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ។

13 ឯ​ស្លាប​សត្វ​អូសទ្រីចញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង​នឹង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ

14 វា​ពង​ចោល​នៅ​លើ​ដី ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់

15 ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​បង់ ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី​ទៅ​ទេ

16 វា​ទុរជន​ចំពោះ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ ក៏​មិន​រវល់​ផង

17 ពី​ព្រោះ​ព្រះ​ទ្រង់​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ

18 វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល‌ងាយ​ដល់​ទាំង​សេះ និង​អ្នក​ជិះ​ផង។

19 តើ​ឯង​ឬ​អី ដែល​ឲ្យ​សេះ​មាន​កំឡាំង តើ​ឯង​ឬ​អី​ដែល​តាក់‌តែង ឲ្យ​សេះ​មាន​សក់​ដែល​រលាស់ ដោយ​ខ្យល់

20 តើ​ឯង​ឬ​អី ដែល​ធ្វើ​ឲ្យ​វា​អាច​លោត ដូច​ជា​កណ្តូប ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច

21 វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ ហើយ​ក៏​អរ​សប្បាយ​ដោយ​កំឡាំង​វា ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ

22 វា​មើល‌ងាយ​សេចក្តី​ភិត‌ភ័យ ហើយ​មិន​ចេះ​រុញ‌រា​ឡើយ ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ

23 បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ‌ផ្លេកៗ និង​ដែក​ពួយ​ផង

24 វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ

25 វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា ហេះ‌ហេ វា​ស្រង​ក្លិន​ចំបាំង​ពី​ចំងាយ ក៏​ស្គាល់​សំរែក​នៃ​ពួក​មេ‌ទ័ព និង​សូរ​ទ្រហឹង​អឺង‌អាប់។

26 តើ​អក​ហើរ​សំកាំង​ស្លាប ហើយ​ត្រដាង​ស្លាប​វា​ទៅ​ទិស​ខាង​ត្បូង ដោយ​ប្រាជ្ញា​របស់​ឯង​ឬ

27 តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ​អី

28 វា​នៅ​លើ​ទី​ចំហុង​ភ្នំ ក៏​ធ្វើ​សំបុក​នៅ​ទី​នោះ គឺ​នៅ​ទី​បំផុត​នៃ​ញក​ភ្នំ​ជា​ទី​មាំ‌មួន

29 ពី​ទី​នោះ​វា​ក្រឡេក​គន់​រក​រំពា ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ

30 កូន​វា​ក៏​ជញ្ជក់​ស៊ី​ឈាម ឯ​កន្លែង​ណា​ដែល​មាន​គេ​សំឡាប់​គ្នា នោះ​វា​ក៏​មាន​នៅ​ទី​នោះ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42