1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 អ្នកពូកែមែន អ្នកបានជួយមនុស្សដែលគ្មានអំណាច បានទប់ទល់ដៃដែលគ្មានកំឡាំង
3 បានទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា ក៏បានផ្សាយប្រាជ្ញាសុសសាយហើយ
4 តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា តើជាវិញ្ញាណរបស់អ្នកណាដែលបណ្តាលឲ្យអ្នកនិយាយ។
5 ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ គឺនៅក្នុងស្ថានក្រោមទឹក ព្រមទាំងពួកនៅទីនោះផង
6 ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ
7 ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង
8 ទ្រង់ចងទប់ទឹកនៅក្នុងពពកយ៉ាងក្រាស់របស់ទ្រង់ ហើយពពកមិនធ្លាយពីក្រោមទេ
9 ទ្រង់បាំងខាងមុខបល្ល័ង្កទ្រង់ ហើយត្រដាងពពករបស់ទ្រង់ពីលើ
10 ទ្រង់បានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ
11 សសរនៃផ្ទៃមេឃញញ័រ ហើយមានសេចក្តីអស្ចារ្យ ដោយទ្រង់បន្ទោស
12 ទ្រង់ធ្វើឲ្យសមុទ្រកំរើកឡើង ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយក៏វាយកំទេចសេចក្តីឆ្មើងឆ្មៃ
13 ទ្រង់តុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណទ្រង់ ហើយព្រះហស្តទ្រង់បានចាក់ទំលុះពស់ ដែលកំពុងតែលឿនទៅ
14 មើល ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ទ្រង់ នោះតើអ្នកណានឹងយល់បាន។