យ៉ូប 28 KHOV

អាថ៌‌កំបាំង​នៃ​ប្រាជ្ញា

1 ពិត​ប្រាកដ​ជា​មាន​កន្លែង​ជីក​រក​ប្រាក់​បាន ក៏​មាន​ទី​ដែល​រក​បាន​មាស សំរាប់​យក​ទៅ​សំរង

2 ឯ​ដែក​គេ​យក​ពី​ដី​មក ហើយ​ទង់‌ដែង គេ​រំលាយ​មក​ពី​ថ្ម

3 មនុស្ស​គេ​កំចាត់​សេចក្តី​ងងឹត​ចេញ គេ​ស្វែង​រក​ថ្ម​លាក់​កំបាំង​ក្នុង​ទី​ងងឹត​សូន្យ‌សុង រហូត​ដល់​ទី​ជ្រៅ​បំផុត

4 គេ​ជីក​រន្ធ​នៅ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​មនុស្ស ជើង​មនុស្ស​ដើរ​ពី​លើ​ឥត​មាន​ដឹង​ឡើយ គេ​ត្រូវ​សំរូត​ចុះ​ទៅ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជាតិ ហើយ​ក៏​រត់​ទៅ​រត់​មក​នៅ​ទី​នោះ

5 ពី​ក្នុង​ដី​នោះ មាន​ចេញ​ជា​អាហារ ហើយ​នៅ​ខាង​ក្រោម​ក៏​ត្រឡប់‌ត្រឡិន ដូច​ជា​ត្រូវ​ភ្លើង​ឆេះ

6 ក្នុង​ថ្ម​ទាំង​នោះ​ជា​កន្លែង​មាន​ត្បូង‌កណ្តៀង ហើយ​ក៏​មាន​ផង់​មាស​ដែរ

7 ផ្លូវ​ច្រក​នោះ​គ្មាន​សត្វ​ហើរ​ណា​ដែល​ចាប់​រំពា​បាន​ស្គាល់​ទេ ឯ​ភ្នែក​រអាត​ក៏​មើល​មិន​ឃើញ​ផង

8 អស់​ទាំង​សត្វ​ក្លាហាន​មិន​ដែល​បាន​ជាន់ ឯ​សិង្ហ​កំណាច​ក៏​មិន​បាន​ដើរ​នៅ​ទី​នោះ​ឡើយ

9 មនុស្ស​គេ​លូក​ដៃ​ទៅ​ឯ​ថ្ម​រឹង ក៏​គាស់​ភ្នំ​ឲ្យ​បាត​ត្រឡប់​ឡើង​ទៅ​លើ​វិញ

10 គេ​ចោះ​រូង​ទៅ​ក្នុង​ថ្មដា ហើយ​ភ្នែក​គេ​ក៏​ឃើញ​គ្រប់​ទាំង​អស់​ដែល​មាន​ដំឡៃ

11 គេ​ទប់​រន្ធ​ទឹក មិន​ឲ្យ​ហូរ​ចូល ឯ​របស់​ដែល​នៅ​កំបាំង គេ​នាំ​យក​ចេញ​មក​ដាក់​នៅ​ពន្លឺ។

12 ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​ឯ​ណា​បាន ហើយ​យោបល់ តើ​មាន​កន្លែង​នៅ​ឯ​ណា

13 មនុស្ស​លោក​មិន​ស្គាល់​ដំឡៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​ដែរ

14 ទី​ជំរៅ​ពោល​ថា មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ ហើយ​សមុទ្រ​ក៏​ថា មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ

15 នឹង​ទិញ​យក​ដោយ​មាស​មិន​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ

16 នឹង​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង‌កណ្តៀង​មក​រាប់​ដំឡៃ​នៃ​ប្រាជ្ញា​មិន​បាន

17 មាស ហើយ​នឹង​ពេជ្រ​នឹង​ផ្ទឹម​ស្មើ​មិន​បាន ឬ​នឹង​ប្តូរ​ដោយ​គ្រឿង​មាស​សុទ្ធ​ក៏​មិន​បាន​ដែរ

18 មិន​បាច់​នឹង​និយាយ​ដល់​ផ្កា​ថ្ម ឬ​ពី​កែវ‌មុក្តា​ទេ ដ្បិត​ប្រាជ្ញា​មាន​ដំឡៃ​ច្រើន លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត

19 ត្បូង​ទោបុ័ត​ពី​ស្រុក​អេធីយ៉ូពី​ក៏​មិន​ស្មើ​ផង ហើយ​ដំឡៃ​នោះ​នឹង​រាប់​ដោយ​មាស​មិន​បាន

20 ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា

21 ដ្បិត​ទី​នោះ​កំបាំង​នឹង​ភ្នែក​របស់​មនុស្ស ហើយ​បិទ​ទុក​មិន​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ឃើញ​ឡើយ

22 ស្ថាន​វិនាស និង​ស្ថាន​ស្លាប់​ពោល​ថា ត្រចៀក​របស់​យើង​បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ។

23 ព្រះ​ទ្រង់​ជ្រាប​ផ្លូវ​នៃ​ប្រាជ្ញា ហើយ​ក៏​ស្គាល់​ទី​កន្លែង​ដែរ

24 ដ្បិត​ទ្រង់​ទត​មើល​ទៅ​ដល់​ចុង​ផែនដី​បំផុត ក៏​ឃើញ​ទាំង​អស់​ដែល​នៅ​ក្រោម​ផ្ទៃ​មេឃ

25 ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​មាន​កំណត់​ទំងន់ ហើយ​បាន​កំណត់​រង្វាល់​ទឹក​ដែរ

26 ក្នុង​កាល​ដែល​ទ្រង់​បាន​ដាក់​កំរិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សំរាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ‌លាន់

27 ក្នុង​កាល​នោះ ទ្រង់​បាន​ឃើញ​ប្រាជ្ញា​ហើយ ក៏​ថ្លែង​ប្រាប់​ឲ្យ​ស្គាល់​ដែរ គឺ​ទ្រង់​ដែល​តាំង​ឲ្យ​មាន​ប្រាជ្ញា អើ ទ្រង់​បាន​ស្វែង​ប្រមូល​ទុក

28 រួច​មាន​ព្រះ‌បន្ទូល​ដល់​មនុស្ស​យើង​ថា មើល សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់ នោះ​ឯង​ជា​យោបល់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42