5 កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ
6 បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ។
7 ក្រោយដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពាក្យទាំងនេះដល់យ៉ូបហើយ នោះទ្រង់មានព្រះបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា អញមានសេចក្តីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នា មិនបាននិយាយសេចក្តីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ
8 ដូច្នេះ ចូរឯងរាល់គ្នាយកគោឈ្មោល៧ និងពពែឈ្មោល៧នាំទៅឯយ៉ូប ជាអ្នកបំរើអញឥឡូវ រួចថ្វាយដង្វាយដុតសំរាប់ខ្លួនទៅ នោះយ៉ូប ជាអ្នកបំរើអញនឹងអធិស្ឋានឲ្យឯងរាល់គ្នា ដ្បិតអញនឹងទទួលវា ក្រែងអញប្រព្រឹត្តនឹងឯងរាល់គ្នាតាមអំពើចំកួតរបស់ឯង ពីព្រោះឯងរាល់គ្នាមិនបាននិយាយសេចក្តីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ
9 ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា និងសូផារ សាសន៍ន៉ាអាម៉ា គេក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រមតាមយ៉ូប។
10 កាលយ៉ូបបានអធិស្ឋានឲ្យពួកមិត្រសំឡាញ់ខ្លួនហើយ នោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យលោករួចពីចំណងទៅ ហើយទ្រង់ប្រទានឲ្យមានលើសជាងដើម១ជា២ផង
11 គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក និងពួកអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយនឹងលោក គេសំដែងសេចក្តីអាសូរដល់លោក ហើយក៏ជួយកំសាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់១ដុំៗ និងកង់មាសមួយវង់ៗ ដល់លោករៀងខ្លួន។