1 រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ
2 ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ
3 គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម និងជ័រដីទុកជាបាយអ
4 រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង និងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ
5 នោះព្រះយេហូវ៉ាទ្រង់យាងចុះមក ដើម្បីទតមើលទីក្រុង ហើយនឹងប៉មដែលពួកមនុស្សជាតិកំពុងធ្វើ
6 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល គេជាពួកតែ១ ក៏និយាយភាសាតែ១ គេចាប់ផ្តើមធ្វើអំពើយ៉ាងដូច្នេះហ្ន៎ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើតតាមបំណងចិត្តនោះទេ
7 ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត
8 ដូច្នេះ ព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ
9 ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយ៍ទាំងអស់ ហើយកំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដី។
10 នេះជាបញ្ជីដំណវង្សរបស់សិម គឺក្រោយទឹកជន់២ឆ្នាំ កាលសិមអាយុបាន១០០ឆ្នាំហើយ នោះគាត់បង្កើតបានអើប៉ាក់សាឌ
11 ក្រោយដែលបង្កើតអើប៉ាក់សាឌមក នោះគាត់រស់នៅ៥០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
12 អើប៉ាក់សាឌអាយុបាន៣៥ឆ្នាំ នោះគាត់បង្កើតបានសេឡា
13 ក្រោយដែលបង្កើតសេឡាមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
14 សេឡាអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានហេប៊ើរ
15 ក្រោយដែលបង្កើតហេប៊ើរមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
16 ហេប៊ើរអាយុបាន៣៤ឆ្នាំ នោះគាត់បង្កើតបានផាលេក
17 ក្រោយដែលបង្កើតផាលេកមក នោះគាត់រស់នៅ៤៣០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
18 ផាលេកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានរេហ៊ូវ
19 ក្រោយដែលបង្កើតរេហ៊ូវមក នោះគាត់រស់នៅ២០៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
20 រេហ៊ូវអាយុបាន៣២ឆ្នាំ នោះគាត់បង្កើតបានសេរូក
21 ក្រោយដែលបង្កើតសេរូកមក នោះគាត់រស់នៅ២០៧ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
22 សេរូកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានណាឃរ
23 ក្រោយដែលបង្កើតណាឃរមក នោះគាត់រស់នៅ២០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
24 ណាឃរអាយុបាន២៩ឆ្នាំ នោះគាត់បង្កើតបានថេរ៉ា
25 ក្រោយដែលបង្កើតថេរ៉ាមក នោះគាត់រស់នៅ១១៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
26 ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន
27 នេះជាដំណរវង្សរបស់ថេរ៉ាៗបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបង្កើតឡុត
28 រួចហារ៉ាន គាត់ស្លាប់ចំពោះមុខថេរ៉ា ជាឪពុកនៅក្រុងអ៊ើរ ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គាត់ទៅ
29 អាប់រ៉ាម និងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាម នោះឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនហារ៉ាន ដែលជាឪពុកមីលកា និងយីសកា
30 ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ
31 ថេរ៉ាគាត់យកអាប់រ៉ាម កូនគាត់ ឡុតជាកូនហារ៉ានត្រូវជាចៅគាត់ ហើយសារ៉ាយជាកូនប្រសា គឺប្រពន្ធអាប់រ៉ាមកូនគាត់ នាំគ្នាចេញពីអ៊ើរស្រុកខាល់ដេ ដើម្បីនឹងទៅឯស្រុកកាណាន លុះបានទៅដល់ខារ៉ានហើយ នោះក៏តាំងទីលំនៅនៅទីនោះ
32 អាយុថេរ៉ាបាន២០៥ឆ្នាំ រួចក៏ស្លាប់នៅត្រង់ខារ៉ានទៅ។