1 សម័យនោះ មានកើតអំណត់នៅក្នុងស្រុកផ្សេងពីអំណត់ជាន់មុន ដែលកើតមាននៅជំនាន់អ័ប្រាហាំ ហើយអ៊ីសាក គាត់ទៅឯអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីននៅកេរ៉ា
2 នោះព្រះយេហូវ៉ាលេចមកឯគាត់មានព្រះបន្ទូលថា កុំឲ្យចុះទៅឯស្រុកអេស៊ីព្ទឡើយ ចូរឯងនៅក្នុងស្រុកដែលអញនឹងប្រាប់ឯងវិញ
3 ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯង និងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង
4 អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យស្រុកទាំងនេះទៅពូជឯង រួចគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ ដោយសារពូជឯង
5 ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ និងបញ្ញត្ត ហើយច្បាប់ និងក្រឹត្យវិន័យរបស់អញ។
6 នោះអ៊ីសាកក៏នៅក្នុងស្រុកកេរ៉ា
7 ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសំឡាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់
8 កាលគាត់បាននៅស្រុកនោះជាយូរទៅ អ័ប៊ីម៉្មាឡិច ស្តេចសាសន៍ភីលីស្ទីន ក៏ទតតាមបង្អួចមក ឃើញអ៊ីសាកកំពុងប្រឡែងនឹងរេបិកាជាប្រពន្ធ
9 អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង
10 អ័ប៊ីម៉្មាឡិចមានព្រះបន្ទូលតបថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ ក្រែងមានពួករាស្ត្រណាមួយបានរួមដំណេកជាមួយនឹងប្រពន្ធអ្នក យ៉ាងនោះនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរ
11 រួចអ័ប៊ីម៉្មាឡិចទ្រង់ហាមដល់រាស្ត្រទាំងអស់ថា អ្នកណាដែលពាល់មនុស្សនេះ ឬប្រពន្ធគាត់ នោះនឹងត្រូវសំឡាប់ជាពិត។
12 អ៊ីសាកគាត់ក៏សាបព្រោះនៅស្រុកនោះ ហើយនៅឆ្នាំនោះឯងគាត់បានផល១ជា១រយភាគឡើងដោយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ
13 គាត់ក៏ត្រឡប់បានជាអ្នកមាន ហើយចេះតែចំរើនជាច្រើនឡើង ទាល់តែមានយ៉ាងស្តុកស្តម្ភ
14 គាត់មានហ្វូងចៀមហ្វូងគោ ហើយនឹងបាវបំរើជាច្រើន ឯពួកភីលីស្ទីនគេក៏កើតមានសេចក្ដីច្រណែននឹងគាត់
15 ហើយអណ្តូងទាំងប៉ុន្មានដែលពួកបាវរបស់ឪពុកបានជីក ពីកាលដែលនៅរស់នៅឡើយ នោះពួកភីលីស្ទីនគេលុបដីពេញទាំងអស់ទៅ
16 រួចអ័ប៊ីម៉្មាឡិចមានព្រះបន្ទូលនឹងអ៊ីសាកថា ត្រូវឲ្យអ្នកថយចេញពីយើងទៅ ពីព្រោះអ្នកពូកែជាងយើងហើយ។
17 អ៊ីសាកចេញពីទីនោះ ទៅដំឡើងត្រសាលត្រង់វាលច្រកកេរ៉ា ហើយក៏អាស្រ័យនៅឯនោះវិញ
18 រួចគាត់ស្តារអណ្តូងទឹកទាំងប៉ុន្មាននោះ ដែលគេបានជីកនៅជាន់អ័ប្រាហាំជាឪពុកគាត់ឡើងវិញ ពីព្រោះពួកភីលីស្ទីនបានលុបទាំងអស់ក្រោយដែលអ័ប្រាហាំស្លាប់ទៅ រួចគាត់ដាក់ឈ្មោះអណ្តូងទាំងនោះតាមឈ្មោះដែលឪពុកបានដាក់មកដែរ
19 ពួកបាវរបស់អ៊ីសាកក៏ជីកអណ្តូង១នៅក្នុងវាលច្រកនោះ បានទឹកដ៏ហូរហៀរ
20 ឯពួកគង្វាលនៅស្រុកកេរ៉ាក៏ប្រឈ្លោះគ្នានឹងពួកគង្វាលរបស់អ៊ីសាកថា ទឹកនេះជារបស់ផងយើង រួចគាត់ហៅអណ្តូងនោះថា អេសែក ពីព្រោះគេបានឈ្លោះនឹងគាត់
21 នោះក៏ជីកអណ្តូង១ទៀត ហើយគេឈ្លោះគ្នាពីអណ្តូងនោះដែរ រួចគាត់ហៅអណ្តូងនោះថា ស៊ីតន៉ា
22 គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចំរើនឡើងក្នុងស្រុកនេះ
23 រួចគាត់ចេញពីទីនោះឡើងទៅឯបៀរ-សេបា
24 ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានព្រះបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះ កុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ
25 រួចគាត់ស្អាងអាសនា១នៅស្រុកនោះក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា គាត់ដំឡើងត្រសាលនៅទីនោះ ហើយពួកបាវគាត់ក៏ជីកអណ្តូង១នៅកន្លែងនោះដែរ។
26 ឯអ័ប៊ីម៉្មាឡិច អ័ហ៊ូសាតជាសំឡាញ់ទ្រង់ និងភីកុលជាមេទ័ពទ្រង់ ក៏ចេញពីកេរ៉ាទៅឯគាត់
27 នោះអ៊ីសាកសួរថា ហេតុអ្វីបានជាមកឯទូលបង្គំ ដ្បិតទ្រង់ស្អប់ទូលបង្គំហើយ បានទាំងបណ្តេញទូលបង្គំចេញផង
28 គេឆ្លើយតបថា យើងបានឃើញជាក់ច្បាស់ថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងអ្នក បានជាយើងបាននិយាយគ្នាថា គួរឲ្យយើងតាំងសម្បថចំពោះគ្នាទៅវិញទៅមក ឥឡូវ យើងសូមតាំងសញ្ញានឹងអ្នកថា
29 អ្នកនឹងមិនធ្វើអាក្រក់ដល់យើងឡើយ ដូចជាយើងក៏មិនបានពាល់ដល់អ្នកដែរ គឺយើងបានប្រព្រឹត្តចំពោះតែសេចក្ដីណាដែលល្អដល់អ្នកប៉ុណ្ណោះ យើងបានឲ្យអ្នកចេញមកដោយសេចក្ដីសុខសាន្ត ឥឡូវនេះ អ្នកជាមនុស្សមានព្រះពរនៅចំពោះព្រះយេហូវ៉ា
30 នោះគាត់រៀបជប់លៀងដល់គេ ហើយក៏បរិភោគទាំងអស់គ្នាទៅ
31 លុះព្រលឹមស្រាងកាលណា នោះក៏ក្រោកឡើងស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកបញ្ជូនអ័ប៊ីម៉្មាឡិចទៅ ហើយទ្រង់ក៏ចេញពីគាត់ទៅដោយមេត្រីចិត្ត
32 នៅថ្ងៃនោះឯង ពួកបាវរបស់អ៊ីសាកមកជំរាបគាត់ពីដំណើរអណ្តូង ដែលទើបនឹងជីកថា យើងជីកបានទឹកហើយ
33 គាត់ដាក់ឈ្មោះអណ្តូងនោះថា សេបា ហេតុនោះបានជាឈ្មោះទីក្រុងនោះហៅថា បៀរ-សេបា ដរាបដល់សព្វថ្ងៃនេះ។
34 ឯអេសាវ កាលគាត់យកនាងយូឌីតជាកូនបេរីសាសន៍ហេត ហើយនាងបាសម៉ាតជាកូនអេឡូនសាសន៍ហេត ធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
35 នាងទាំង២នោះក៏នាំឲ្យអ៊ីសាកហើយនឹងរេបិកាពិបាកចិត្តណាស់។