1 ឯយ៉ាកុបគាត់ក៏ធ្វើដំណើរតទៅ ហើយមានពួកទេវតារបស់ព្រះមកជួបនឹងគាត់
2 កាលឃើញហើយនោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម។
3 យ៉ាកុបចាត់អ្នកបំរើទៅមុន ឲ្យទៅឯអេសាវជាបងនៅវាលអេដំមក្នុងស្រុកសៀរ
4 ដោយបង្គាប់ថា ចូរឯងរាល់គ្នាជំរាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបំរើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ
5 ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី ខ្ញុំបានចាត់គេមកជំរាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណលោក
6 ពួកអ្នកបំរើក៏ត្រឡប់មកឯយ៉ាកុបវិញជំរាបថា យើងខ្ញុំបានទៅដល់អេសាវជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំមនុស្ស៤០០នាក់មកជាមួយផង
7 នោះយ៉ាកុបគាត់ភ័យខ្លាចជាខ្លាំង ហើយមានសេចក្ដីថប់ព្រួយក្នុងទ្រូង ក៏ចែកពួកគាត់ ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអូដ្ឋជា២ពួក
8 ដោយគិតថា បើអេសាវមកវាយពួក១ នោះពួក១ទៀតនឹងរត់រួចបាន
9 យ៉ាកុបក៏ទូលថា ឱព្រះនៃអ័ប្រាហាំជីតាទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុកទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំថា ចូរវិលទៅឯញាតិសន្តានឯងនៅស្រុកឯងវិញទៅ នោះអញនឹងប្រោសសេចក្ដីល្អដល់ឯង
10 ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្ដីសប្បុរស និងអស់ទាំងសេចក្ដីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះ មានតែដំបង១ប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំបានកើតជា២ពួកហើយ
11 សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយពួកទូលបង្គំនេះ ទាំងម្តាយ ទាំងកូនផង
12 ទ្រង់បានមានព្រះបន្ទូលថា អញនឹងប្រោសសេចក្ដីល្អដល់ឯងជាពិតប្រាកដ ហើយនឹងធ្វើឲ្យពូជឯងបានគ្នាច្រើន ដូចជាខ្សាច់នៅសមុទ្រដែលប្រមាណមិនបាន។
13 យប់នោះ គាត់សំណាក់នៅទីនោះ រួចក៏យករបស់ទ្រព្យគាត់ខ្លះទុកជាជំនូនសំរាប់ជូនដល់អេសាវជាបង
14 គឺពពែញី២០០ ពពែឈ្មោល២០ ចៀមញី២០០ ចៀមឈ្មោល២០
15 អូដ្ឋញីដែលបំបៅកូន៣០ ព្រមទាំងកូនផង គោញី៤០ គោឈ្មោល១០ លាញី២០ និងកូនលា១០
16 គាត់ប្រគល់សត្វទាំងនោះ ទៅក្នុងដៃនៃពួកបំរើគាត់ដោយហ្វូងៗ ហើយប្រាប់ពួកបាវនោះថា ចូរឆ្លងទៅមុនអញ ដើរឲ្យដាច់ពីគ្នាដោយពួកៗ
17 គាត់ក៏បង្គាប់ដល់អ្នកដែលដើរមុនគេថា កាលណាអេសាវបងអញមកជួបនឹងឯង ហើយសួរថា ឯងជាពួករបស់អ្នកណា ហើយទៅឯណា តើហ្វូងសត្វនៅមុខឯងទាំងនេះជារបស់ផងអ្នកណា
18 នោះត្រូវជំរាបថា នេះជារបស់ផងយ៉ាកុបជាអ្នកបំរើលោក គឺជាជំនូនផ្ញើមកជូនដល់អេសាវជាលោកម្ចាស់ខ្ញុំ ហើយមើល លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ
19 គាត់បង្គាប់អ្នកទី២ដូច្នោះដែរ ព្រមទាំងអ្នកទី៣ និងពួកអ្នកដែលដើរតាមហ្វូងសត្វទាំងអស់ផងថា កាលណាឃើញអេសាវ នោះចូរជំរាបតាមពាក្យនេះដូចគ្នា
20 គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ
21 ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុនគាត់ តែឯខ្លួនគាត់ បានដេកនៅក្នុងទីសំណាក់នោះ១យប់សិន
22 រួចគាត់ក្រោកឡើងទាំងយប់នាំយកប្រពន្ធទាំង២ និងបាវស្រីទាំង២ ព្រមទាំងកូនគាត់ទាំង១១នាក់ ឆ្លងស្ទឹងយ៉ាបុកត្រង់ផ្លូវឆ្លងទៅ
23 គាត់នាំអ្នកទាំងនោះទៅឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអីវ៉ាន់គាត់ឆ្លងទៅដែរ។
24 ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ
25 កាលអ្នកនោះឃើញថាមិនឈ្នះគាត់ទេ នោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ ហើយសន្លាក់ត្រគាកក៏ថ្លស់ក្នុងខណៈដែលកំពុងតែចំបាប់គ្នានោះ
26 អ្នកនោះនិយាយថា ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ តែគាត់ឆ្លើយថា ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន
27 អ្នកនោះសួរគាត់ថា ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប
28 រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថា យ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះ ហើយនឹងមនុស្ស ក៏បានឈ្នះផង
29 យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ
30 យ៉ាកុបគាត់ហៅកន្លែងនោះថា ព្នីអែល ដ្បិតគាត់នឹកថា អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ
31 កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ
32 ហេតុនោះបានជាពួកកូនចៅអ៊ីស្រាអែល គេមិនដែលស៊ីសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក ដរាបដល់សព្វថ្ងៃនេះ ពីព្រោះទ្រង់បានពាល់សាច់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប។