1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅណូអេថា ត្រូវឲ្យឯង និងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ
2 ខាងឯសត្វជើង៤ដែលស្អាត នោះឯងត្រូវយក៧គូ ហើយសត្វជើង៤ដែលមិនស្អាត នោះឲ្យយកតែ១គូវិញ គឺទាំងឈ្មោលទាំងញីផង
3 ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី
4 ដ្បិតនៅ៧ថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់ ហើយអញនឹងលុបគ្រប់ទាំងជីវិតដែលអញបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដីចេញ
5 នោះណូអេក៏ធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។
6 ណូអេអាយុបាន៦០០ឆ្នាំ ក្នុងកាលដែលទឹកជន់ឡើងលិចផែនដី
7 ហើយណូអេ ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់ ក៏នាំគ្នាចូលទៅក្នុងទូក ដោយព្រោះទឹកជន់
8 ឯសត្វជើង៤ទាំងស្អាតទាំងមិនស្អាត និងសត្វស្លាប ហើយសត្វលូនវារនៅដីគ្រប់មុខ
9 ក៏ចូល១គូៗទាំងឈ្មោលទាំងញីទៅឯណូអេក្នុងទូក ដូចជាព្រះទ្រង់បានបង្គាប់មកណូអេ
10 រួចដល់ផុតពី៧ថ្ងៃនោះមក ជំនន់ក៏ឡើងលើផែនដី
11 គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ
12 មានភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់
13 គឺនៅថ្ងៃនោះឯងដែលណូអេ សិម ហាំ និងយ៉ាផែត ជាកូនគាត់ ហើយប្រពន្ធណូអេ និងកូនប្រសាស្រីទាំង៣បានចូលទៅក្នុងទូកទាំងអស់គ្នា
14 ទាំងខ្លួនគេហើយគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់សត្វលូនវារនៅដីតាមពូជ ហើយគ្រប់ទាំងសត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់
15 ក៏នាំគ្នាចូលទាំងគូៗទៅឯណូអេក្នុងទូក ពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិត
16 ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត
17 លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង
18 ជំនន់នោះបានមានកំឡាំងក្រៃលែង ក៏កាន់តែចំរើនឡើងជាលើសលប់នៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើទឹក
19 ជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដី ទាល់តែអស់ទាំងភ្នំខ្ពស់ៗ នៅក្រោមមេឃ បានលិចបាត់អស់រលីងទៅ
20 រួចទឹកក៏ឡើង១៥ហត្ថទៀតលិចភ្នំទាំងអស់
21 គ្រប់ទាំងសាច់ដែលកំរើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សក៏ស្លាប់ទាំងអស់ដែរ
22 គឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់
23 គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ និងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ និងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ
24 ទឹកធំនោះក៏ទ្រឹងនៅលើផែនដីអស់១៥០ថ្ងៃ។