1 នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯស្រុកត្បូង ព្រមទាំងប្រពន្ធ និងទ្រព្យសម្បត្តិទាំងអស់ ហើយឡុតដែរ
2 អាប់រ៉ាមគាត់មានហ្វូងសត្វ ហើយប្រាក់មាសជាច្រើនណាស់
3 គាត់ដើរដំណើរពីស្រុកត្បូង រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលគាត់បានដំឡើងត្រសាលកាលពីដើម គឺនៅកណ្តាលបេត-អែល និងអៃយ
4 ជាកន្លែងដែលគាត់បានស្អាងអាសនាកាលជាន់មុន រួចនៅទីនោះ អាប់រ៉ាមក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
5 ឯឡុតដែលទៅជាមួយនឹងអាប់រ៉ាម គាត់ក៏មានហ្វូងចៀម ហ្វូងគោ និងត្រសាលជាច្រើនដែរ
6 តែស្រុកនោះមិនល្មមនឹងចិញ្ចឹមគេឲ្យនៅជាមួយគ្នាបានទេ ពីព្រោះគេមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាគេនៅជាមួយគ្នាពុំបាន
7 មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម និងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ
8 នោះអាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯង និងពួកគង្វាលរបស់អញមានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា
9 ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងឬអី ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្តាំ ឬបើឯងរើសយកខាងស្តាំ នោះអញនឹងទៅខាងឆ្វេងវិញ
10 ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម និងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង
11 ដូច្នេះ ឡុតក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ ជារបស់ផងខ្លួន រួចចេញដំណើរដើរទៅខាងកើត គេបានឃ្លាតចេញពីគ្នាដូច្នោះឯង
12 ឯអាប់រ៉ាមគាត់តាំងទីលំនៅនៅក្នុងស្រុកកាណានវិញ តែឡុតគាត់ស្នាក់នៅអស់ទាំងទីក្រុងនៅស្រុកវាលនោះ ហើយក៏ផ្លាស់ត្រសាលគាត់ទៅត្រឹមសូដុំម
13 រីឯពួកក្រុងសូដុំម គេជាមនុស្សអាក្រក់ ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹក។
14 គ្រាក្រោយដែលឡុតបានឃ្លាតចេញទៅ នោះព្រះយេហូវ៉ាមានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើង ខាងត្បូង ខាងកើត ហើយខាងលិចចុះ
15 ដ្បិតស្រុកទាំងប៉ុន្មានដែលឯងមើលឃើញ នោះអញនឹងឲ្យដល់ឯង និងពូជឯងជាដរាបតទៅ
16 អញនឹងធ្វើឲ្យពូជឯងបានចំរើនឡើងដូចជាធូលីដី បានជាបើអ្នកណាអាចនឹងរាប់ធូលីដីបាន នោះនឹងរាប់ពូជឯងបានដែរ
17 ចូរឯងក្រោក ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ
18 អាប់រ៉ាមក៏រើត្រសាលទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុនវិញ ហើយគាត់ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ។