លោកុប្បត្តិ 2:5-11 KHOV

5 រីឯ​នៅ​ផែនដី​នោះ​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​វាល​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​សោះ ហើយ​ក៏​គ្មាន​មនុស្ស​ណា​នឹង​ភ្ជួរ‌រាស់​ដី​ផង

6 គ្រាន់​តែ​មាន​ចំហាយ​ឡើង​ពី​ដី​មក​ស្រោច‌ស្រប់​លើ​ផែនដី​ប៉ុណ្ណោះ

7 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។

8 រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ធ្វើ​សួន‌ច្បារ​១​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ទ្រង់​បាន​សូន​ធ្វើ​ឲ្យ​នៅ​ទី​នោះ

9 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពិច‌ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង ក៏​ដាំ​ដើម​ជីវិត និង​ដើម​សំរាប់​ដឹង​ខុស​ត្រូវនៅ​កណ្តាល​សួន‌ច្បារ​នោះ​ដែរ

10 មាន​ទន្លេ​១​ហូរ​ចេញ​ពី​ស្រុក​អេដែន​មក​ស្រោច​សួន‌ច្បារ​នោះ រួច​ហូរ​បែក​ពី​នោះ​ទៅ​ជា​៤​មុខ

11 ទី​១​ឈ្មោះ​ពិសុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ដែល​មាន​មាស