15 កាលគាត់កំពុងតែអធិស្ឋានមិនទាន់ផុតនៅឡើយ នោះស្រាប់តែរេបិកាកណ្តៀតក្អមចេញមក នាងនោះជាកូនបេធូអែល ដែលជាកូនមីលកា ប្រពន្ធណាឃរ ជាប្អូនអ័ប្រាហាំ
16 នាងមានរូបស្រស់បស់ល្អណាស់ ក៏នៅក្រមុំសុទ្ធ គ្មានប្រុសណាបានស្គាល់នាងឡើយ នាងចុះទៅក្នុងអណ្តូងដងទឹកពេញក្អម រួចឡើងមកវិញ
17 បាវនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា នាង សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិចសិន
18 រួចនាងឆ្លើយថា ចាស៎អញ្ជើញពិសាចុះ លោកម្ចាស់ ហើយនាងក៏ដាក់ក្អមចុះមកជាប្រញាប់ឲ្យគាត់ផឹក
19 កាលនាងបានឲ្យគាត់ផឹករួចហើយ នោះនាងនិយាយថា ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ
20 នោះនាងក៏ចាក់ទឹកពីក្នុងក្អមចុះទៅក្នុងស្នូកជា១រំពេច រួចរត់ទៅដងថែមទៀតយកមកឲ្យអូដ្ឋគាត់ផឹកទាំងអស់
21 បាវនោះសំឡឹងមើលនាងទាំងមានសេចក្ដីអស្ចារ្យ តែគាត់នៅស្ងៀម ដោយចង់ដឹង បើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើរគាត់ដើរមកនោះបានសំរេចការឬទេ