លោកុប្បត្តិ 24:25-31 KHOV

25 រួច​នាង​ឆ្លើយ​ទៅ​គាត់​ទៀត​ថា នៅ​ផ្ទះ​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​ជា​បរិបូរ ហើយ​កន្លែង​សំរាប់​ស្នាក់​នៅ​ក៏​មាន​ដែរ

26 បាវ​នោះ​ក៏​ឱន​ខ្លួន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

27 ដោយ​ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ទូល‌បង្គំ ដែល​ទ្រង់​មិន​បាន​ខាន​នឹង​ផ្តល់​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់​ដល់​ចៅ‌ហ្វាយ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌ពរ ឯ​ទូល‌បង្គំ​សោត ក៏​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​ផ្លូវ​មក​ដល់​ផ្ទះ​ពួក​បង​ប្អូន​របស់​ចៅ‌ហ្វាយ​ទូល‌បង្គំ​ហើយ

28 នាង​ក៏​រត់​ទៅ​ប្រាប់​ដំណើរ​នោះ​ដល់​ពួក​ផ្ទះ​ម្តាយ​ខ្លួន។

29 រេបិកា​មាន​បង​ប្រុស​១​ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​ឯ​បាវ​នោះ​នៅ​ឯ​ក្រៅ​ត្រង់​អណ្តូង

30 កាល​គាត់​ឃើញ​ក្រវិល និង​កង​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​រេបិកា​ជា​ប្អូន​បាន​ប្រាប់​ពី​អ្នក​នោះ​ថា គាត់​បាន​និយាយ​នឹង​ខ្ញុំ​យ៉ាង​នេះ​មួយៗ នោះ​ក៏​ចេញ​ទៅ​ឯ​គាត់ ឃើញ​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ​ជិត​អណ្តូង​នៅ​ឡើយ

31 នោះ​ឡាបាន់​និយាយ​ថា សូម​អញ្ជើញ​ចូល​មក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ឈរ​នៅ​ខាង​ក្រៅ​វិញ ខ្ញុំ​បាន​រៀប‌ចំ​ទី​ផ្ទះ និង​កន្លែង​សំរាប់​ឲ្យ​អូដ្ឋ​ជា​ស្រេច​ហើយ។