27 ដោយទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំ ដែលទ្រង់មិនបានខាននឹងផ្តល់សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំបានប្រកបដោយព្រះពរ ឯទូលបង្គំសោត ក៏ព្រះយេហូវ៉ាទ្រង់នាំផ្លូវមកដល់ផ្ទះពួកបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ
28 នាងក៏រត់ទៅប្រាប់ដំណើរនោះដល់ពួកផ្ទះម្តាយខ្លួន។
29 រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង
30 កាលគាត់ឃើញក្រវិល និងកងដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលរេបិកាជាប្អូនបានប្រាប់ពីអ្នកនោះថា គាត់បាននិយាយនឹងខ្ញុំយ៉ាងនេះមួយៗ នោះក៏ចេញទៅឯគាត់ ឃើញកំពុងឈរនៅក្បែរអូដ្ឋជិតអណ្តូងនៅឡើយ
31 នោះឡាបាន់និយាយថា សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅវិញ ខ្ញុំបានរៀបចំទីផ្ទះ និងកន្លែងសំរាប់ឲ្យអូដ្ឋជាស្រេចហើយ។
32 បាវនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ពីអូដ្ឋចេញ រួចមានគេយកចំបើង និងស្មៅមកឲ្យអូដ្ឋស៊ី ហើយនឹងទឹកមកសំរាប់លាងជើងគាត់ ព្រមទាំងមនុស្សឯទៀតដែលមកជាមួយនឹងគាត់ដែរ
33 រួចលើកភោជនាហារមកជូនគាត់បរិភោគ តែគាត់ប្រកែកថា ខ្ញុំមិនទទួលទានទេ លុះត្រាតែខ្ញុំបានជំរាបពីរឿងខ្ញុំហើយសិន នោះឡាបាន់ក៏និយាយថា សូមមានប្រសាសន៍មកចុះ