43 មើល ទូលបង្គំនឹងឈរនៅត្រង់អណ្តូងទឹកនេះ ដូច្នេះ បើនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយថា សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិច
44 ហើយនាងនោះនឹងឆ្លើយមកទូលបង្គំថា ចាស អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ នោះសូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលព្រះយេហូវ៉ាទ្រង់ដំរូវដល់កូនរបស់ចៅហ្វាយទូលបង្គំ
45 កាលខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ផុតនៅឡើយ នោះមើល ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងបានចុះទៅក្នុងអណ្តូងដងទឹកមក ហើយខ្ញុំបាននិយាយទៅនាងថា សូមឲ្យខ្ញុំផឹកផង
46 នោះនាងក៏ដាក់ក្អមចុះពីលើស្មាជា១រំពេច ដោយពាក្យថា អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋផឹកដែរ ដូច្នេះ ខ្ញុំក៏បានទទួលទាន រួចនាងឲ្យអូដ្ឋផឹកផង
47 ហើយខ្ញុំសួរថា នាងជាកូនអ្នកណា នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល ជាចៅណាឃរ និងមីលកា នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ ហើយនឹងកងនៅដៃនាង
48 ខ្ញុំបានឱនក្រាបថ្វាយបង្គំ ទាំងសរសើរដំកើងដល់ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយខ្ញុំ ដែលទ្រង់បាននាំដំរង់ខ្ញុំតាមផ្លូវរៀងមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនដល់កូនលោក
49 ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងទៀត។