53 រួចបញ្ចេញគ្រឿងមាសគ្រឿងប្រាក់ និងសំលៀកបំពាក់ឲ្យដល់រេបិកា ព្រមទាំងជូនរបស់ទ្រព្យដ៏មានដំឡៃ ទៅបងនាង និងម្តាយនាងដែរ
54 រួចគាត់ក៏បរិភោគទៅ ព្រមទាំងពួកអ្នកដែលមកជាមួយផង ហើយផ្អាកនៅក្នុងយប់នោះឯង លុះដល់ពេលព្រឹក កាលគេបានក្រោកឡើងហើយ នោះគាត់ជំរាបលាគេថា ខ្ញុំសូមវិលទៅឯចៅហ្វាយខ្ញុំវិញហើយ
55 តែបង និងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ
56 គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះ ខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
57 នោះគេឆ្លើយថា ចាំយើងហៅនាងមកសួរសិន
58 រួចគេហៅរេបិកាមកសួរថា ឯងព្រមទៅជាមួយនឹងអ្នកនេះឬទេ នាងទទួលថា ព្រម
59 នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង និងបាវអ័ប្រាហាំ ហើយនឹងពួកគាត់ទាំងប៉ុន្មានចេញទៅ