1 អ៊ីសាកក៏ហៅយ៉ាកុបមកឲ្យពរ រួចផ្តាំថា កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ
2 ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ
3 សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន
4 ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯង និងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរអាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ
5 នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុបហើយនឹងអេសាវ។
6 រីឯអេសាវគាត់ឃើញថា អ៊ីសាកបានឲ្យពរដល់យ៉ាកុប ព្រមទាំងឲ្យគាត់ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដើម្បីនឹងយកប្រពន្ធពីនោះមក ហើយថា ក្នុងខណៈដែលឲ្យពរនោះ គាត់ក៏ផ្តាំថា កុំឲ្យឯងយកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណានឡើយ