29 រួចមក រូបេនគាត់ត្រឡប់ទៅឯអណ្តូងវិញ តែមើល គ្មានយ៉ូសែបនៅក្នុងអណ្តូងទៀតទេ នោះគាត់ហែកសំលៀកបំពាក់របស់ខ្លួន
30 ក៏វិលទៅឯបងប្អូនប្រាប់ថា ក្មេងនោះបាត់ទៅហើយ ចុះឯខ្ញុំ តើនឹងទៅឯណា
31 នោះគេក៏សំឡាប់ពពែ១ រួចយកអាវយ៉ូសែបទៅប្រឡាក់នឹងឈាម
32 បញ្ជូនអាវច្រើនពណ៌នោះទៅជំរាបដល់ឪពុកថា យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកឬមិនមែន
33 គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ
34 នោះយ៉ាកុបក៏ហែកសំលៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ
35 ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង ហើយគាត់ក៏យំសោកនឹងកូន