លោកុប្បត្តិ 39:1-6 KHOV

1 រីឯ​យ៉ូសែប គេ​ក៏​នាំ​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​មាន​មេ‌ទ័ព​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ ប៉ូទី‌ផារ ជា​មេ​ក្រុម​រក្សា​អង្គ​របស់​ផារ៉ោន លោក​ទិញ​គាត់​ពី​ដៃ​នៃ​ពួក​អ៊ីស‌ម៉ា‌អែល​ដែល​នាំ​ចុះ​មក​ស្រុក​នោះ

2 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​គាត់​ចេះ​តែ​ចំរើន​ឡើង​គាត់​នៅ​ក្នុង​ផ្ទះ​របស់​ចៅ‌ហ្វាយ​ខ្លួន ជា​សាសន៍​អេស៊ីព្ទ​នោះ

3 ចៅ‌ហ្វាយ​ក៏​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គាត់ ហើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​កើត​ឡើង​ដោយ‌សារ​ដៃ​គាត់

4 យ៉ូសែប​បាន​ជា​ទី​ពេញ​ចិត្ត​ដល់​លោក​ណាស់ ហើយ​ក៏​ខំ​ប្រឹង​បំរើ​លោក លោក​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ផ្ទះ​លោក ក៏​ប្រគល់​របស់​ទាំង​អស់​ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់

5 ហើយ​ចាប់​តាំង​ពី​លោក​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ផ្ទះ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ដល់​ផ្ទះ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​ដោយ​ព្រោះ​យ៉ូសែប ហើយ​ព្រះ‌យេហូវ៉ា​ក៏​ផ្តល់​ព្រះ​ពរ មក​លើ​គ្រប់​ទាំង​របស់​លោក ដែល​នៅ​ក្នុង​ផ្ទះ និង​នៅ​ស្រែ​ចំការ​ដែរ

6 លោក​ទុក​របស់​លោក​ទាំង​អស់​នៅ​ក្នុង​កណ្តាប់​ដៃ​យ៉ូសែប ហើយ​មិន​បាន​ដឹង​ជា​មាន​របស់​ណា​មួយ​ទេ លើក​តែ​ភោជ‌នាហារ​ដែល​លោក​ពិសា​ប៉ុណ្ណោះ រីឯ​យ៉ូសែប​គាត់​មាន​រូប‌ឆោម​ដ៏​ពិសី ហើយ​ស្រៀវ‌ស្រស់​ល្អ។