លោកុប្បត្តិ 44 KHOV

យ៉ូសែប​ល​មើល​ចិត្ត​បងៗ

1 យ៉ូសែប​បង្គាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​ច្រក​ស្បៀង​អាហារ​ឲ្យ​ពេញ​បាវ​របស់​អ្នក​ទាំង​នោះ​ទៅ តាម​ដែល​គេ​ដឹក‌នាំ​ទៅ​បាន រួច​យក​ប្រាក់​គេ​ដាក់​ទៅ​ក្នុង​មាត់​បាវ​វិញ

2 ហើយ​យក​ពែង​ប្រាក់​របស់​អញ ដាក់​ចុះ​ក្នុង​មាត់​បាវ​នៃ​អ្នក​ដែល​ក្មេង​ជាង​គេ​នោះ ព្រម​ទាំង​ប្រាក់​ជា​ដំឡៃ​ស្រូវ​ផង អ្នក​នោះ​ក៏​ធ្វើ​តាម​បង្គាប់​យ៉ូសែប

3 លុះ​ភ្លឺ​ឡើង​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ និង​លា​របស់​គេ​ដែរ

4 តែ​កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន នោះ​យ៉ូសែប​ប្រាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​រៀប‌ចំ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ កាល​ណា​ឯង​បាន​ទាន់​គេ នោះ​ត្រូវ​និយាយ​យ៉ាង​នេះ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដូច្នេះ

5 តើ​ពែង​នោះ​មិន​មែន​ជា​ពែង​ដែល​ចៅ‌ហ្វាយ​អញ​ផឹក ហើយ​ដែល​លោក​ប្រើ​សំរាប់​នឹង​ទាយ​ទេ​ឬ​អី ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​អាក្រក់​ណាស់។

6 អ្នក​នោះ​ក៏​ទៅ​បាន​ទាន់​គេ ហើយ​និយាយ​នឹង​គេ​តាម​ពាក្យ​ទាំង​នោះ

7 គេ​ប្រកែក​ឡើង​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​ខ្ញុំ​មាន​ប្រសាសន៍​ដូច្នេះ យើង​ខ្ញុំ​ប្របាទ​មិន​ដែល​ធ្វើ​ដូច្នោះ​ឡើយ

8 មើល ដូច​ជា​ប្រាក់​ដែល​យើង​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​បាវ​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​បាន​យក​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ​ហើយ​ដែរ ដូច្នេះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​លួច​យក​ប្រាក់​ឬ​មាស​ពី​ផ្ទះ​ចៅ‌ហ្វាយ​របស់​លោក​មក​បាន

9 បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ទទួល​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​ជា​បាវ​របស់​លោក​ត​ទៅ

10 តែ​អ្នក​នោះ​និយាយ​ថា ដូច្នេះ​សូម​ឲ្យ​បាន​ដូច​ជា​ពាក្យ​អ្នក​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា ឲ្យ​អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ខ្ញុំ​ចុះ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ទោស​វិញ

11 នោះ​គេ​ក៏​ប្រញាប់‌ប្រញាល់ នឹង​ដាក់​បាវ​ស្រូវ​ចុះ​មក​ដី ហើយ​ស្រាយ​ចេញ​គ្រប់​គ្នា

12 រួច​អ្នក​នោះ​ជ្រាវ​រាវ​រក​ចាប់​តាំង​ពី​បង​ច្បង​ទៅ​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ា‌មីន

13 នោះ​គេ​ក៏​ហែក​សំលៀក‌បំពាក់ រួច​ផ្ទុក​លា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។

14 យូដា និង​បង​ប្អូន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប​ដែល​នៅ​ផ្ទះ​នៅ​ឡើយ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់

15 នោះ​យ៉ូសែប​និយាយ​គំរាម​ទៅ​គេ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​អ្វី​ដូច្នេះ តើ​មិន​ដឹង​ថា មនុស្ស​យ៉ាង​អញ​ចេះ​ចាប់​យាម​ទេ​ឬ​អី

16 យូដា​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ដូច​ម្តេច​បាន តើ​នឹង​និយាយ​អ្វី​ឬ​ដោះ​សា​ខ្លួន​យើង​ខ្ញុំ​ជា​យ៉ាង​ណា​បាន ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុច្ចរិត​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល យើង​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ គឺ​ទាំង​ខ្លួន​យើង​ខ្ញុំ និង​អ្នក​១​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង

17 តែ​គាត់​ឆ្លើយ​ថា អញ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ​វា គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជា​បាវ​របស់​អញ ឯ​ឯង​រាល់​គ្នា​វិញ ត្រូវ​ឡើង​ត្រឡប់​ទៅ​ឯ​ឪពុក​ឯង​ដោយ​សុខ‌សាន្ត​ចុះ។

លោក​យូដា​អង្វរ‌ករ​ឲ្យ​លោក​បេន‌យ៉ា‌មីន

18 យូដា​គាត់​ក៏​ចូល​ទៅ​ជិត​អង្វរ​យ៉ូសែប​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​ប្របាទ​អើយ សូម​បើក​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​លោក​ជំរាប​ជូន​លោក​ស្តាប់​១​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក​ឡើយ ពី​ព្រោះ​លោក​ក៏​ដូច​ជា​ផារ៉ោន​ហើយ

19 លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ប្របាទ​ថា តើ​មាន​ឪពុក​មាន​បង​ប្អូន​ឬ​ទេ

20 នោះ​យើង​ខ្ញុំ​បាន​ឆ្លើយ​ជំរាប​លោក​ម្ចាស់​ថា យើង​ខ្ញុំ​មាន​ឪពុក​ចាស់ ហើយ​នឹង​ប្អូន​តូច​១​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ដែរ បង​វា​បាន​ស្លាប់​ទៅ ហើយ​ក្នុង​កូន​ពោះ​មួយ​នឹង​វា នោះ​នៅ​សល់​តែ​វា​ម្នាក់​ឯង​ទេ ហើយ​ឪពុក​ស្រឡាញ់​វា​ណាស់

21 តែ​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា ចូរ​នាំ​វា​ចុះ​មក​ឯ​លោក​កុំ​ខាន ឲ្យ​លោក​បាន​ឃើញ​ផង

22 យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​ម្ចាស់​វិញ​ថា កូន​នោះ​នឹង​ឃ្លាត​ចេញ​ពី​ឪពុក​មក​មិន​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ស្លាប់​ហើយ

23 តែ​លោក​បាន​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា បើ​ប្អូន​ពៅ​មិន​ចុះ​មក​ជា​មួយ​ទេ នោះ​យើង​ខ្ញុំ​មិន​បាន​ឃើញ​មុខ​លោក​ទៀត

24 ដូច្នេះ​កាល​យើង​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​ឪពុក​ដែល​ជា​អ្នក​បំរើ​លោក នោះ​យើង​ខ្ញុំ​ក៏​ជំរាប​គាត់​តាម​ពាក្យ​របស់​លោក​ម្ចាស់

25 រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សំរាប់​យើង​ទៀត

26 តែ​យើង​ខ្ញុំ​បាន​ប្រកែក​ថា យើង​ខ្ញុំ​ទៅ​ពុំ​បាន​ទេ បើ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ នោះ​ទើប​យើង​ខ្ញុំ​នឹង​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​នឹង​ឃើញ​មុខ​លោក​នោះ​មិន​បាន​ទេ លើក​តែ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ​ផង

27 ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​លោក​គាត់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​ដឹង​ថា ប្រពន្ធ​អញ​បាន​បង្កើត​កូន​ប្រុស​២​ឲ្យ​អញ

28 មួយ​បាន​ឃ្លាត​ចាក​ពី​អញ​ទៅ​បាត់​ហើយ អញ​ក៏​គិត​ថា ប្រាកដ​ជា​មាន​សត្វ​ហែក​វា​ស៊ី​មែន អញ​មិន​ដែល​ឃើញ​វា​ទៀត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

29 ឥឡូវ​បើ​ឯង​រាល់​គ្នា​យក​កូន​នេះ​ពី​អញ​ទៅ​ទៀត ហើយ​ជួន​ជា​កើត​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ហើយ

30 ដូច្នេះ​បើ​កាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់ ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ

31 នោះ​គាត់​នឹង​ស្លាប់​ជា​ពិត​ដោយ​មិន​ឃើញ​កូន​នេះ យ៉ាង​នោះ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ពិត​មែន

32 ពី​ព្រោះ​ខ្ញុំ​ប្របាទ​បាន​និយាយ​ធានា​ពី​ដំណើរ​កូន​នេះ​នឹង​ឪពុក​ថា បើ​កាល​ណា​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​ដរាប

33 ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បំរើ​លោក​ម្ចាស់​ជំនួស​កូន​កំឡោះ​នេះ​ចុះ ដើម្បី​ឲ្យ​ឡើង​ទៅ​វិញ​ជា​មួយ​នឹង​ពួក​បងៗ

34 ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា​មួយ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ខ្លាច​ក្រែង​ខ្ញុំ​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50