1 អ៊ីស្រាអែលក៏នាំយករបស់គាត់ទាំងអស់ ធ្វើដំណើរចេញទៅ លុះដល់បៀរ-សេបាហើយ នោះគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកជាឪពុកខ្លួន
2 ព្រះទ្រង់មានព្រះបន្ទូលនឹងអ៊ីស្រាអែល ក្នុងការជាក់ស្តែងនៅពេលយប់ថា យ៉ាកុបៗអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់អើយ
3 រួចទ្រង់មានព្រះបន្ទូលថា អញជាព្រះ គឺជាព្រះនៃឪពុកឯង កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង
4 អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង
5 រួចយ៉ាកុបក្រោកឡើងចេញពីបៀរ-សេបាទៅ ហើយពួកកូនចៅអ៊ីស្រាអែលក៏បញ្ជិះឪពុក និងប្រពន្ធកូនគេលើរទេះដែលផារ៉ោនបានផ្ញើមកសំរាប់នាំយកទៅ
6 គេក៏យកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេបាន ពីកាលនៅស្រុកកាណាន នាំទៅស្រុកអេស៊ីព្ទដែរ គឺយ៉ាកុប និងពូជគាត់ទាំងអស់គ្នា
7 គាត់បាននាំ ទាំងកូនប្រុស កូនស្រី និងចៅទាំងប៉ុន្មាន ហើយពូជពង្សទាំងអស់ទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។
8 នេះជាបញ្ជីឈ្មោះ របស់ពួកកូនចៅអ៊ីស្រាអែលដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺយ៉ាកុប និងកូនចៅគាត់ទាំងប៉ុន្មាន ឯរូបេនជាកូនច្បងបង្អស់
9 ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី
10 ឯកូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូលជាកូនរបស់ស្រីសាសន៍កាណានម្នាក់
11 ឯកូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី
12 ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន និងហាមុល
13 ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ុន
14 ឯកូនរបស់សាប់យូល៉ូន គឺសេរែក អេឡូន និងយ៉ាលាល
15 នោះសុទ្ធតែជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីផង ពួកកូនប្រុសកូនស្រីទាំងនោះមាន៣៣នាក់។
16 ឯកូនរបស់កាឌ់ គឺសេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និងអើរេលី
17 ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា និងសេរ៉ាជាប្អូនស្រី ឯកូនរបស់បេរា គឺហេប៊ើរ និងម៉ាលគាល
18 នោះសុទ្ធតែជាកូនចៅរបស់ស៊ីលផា ជាបាវស្រីដែលឡាបាន់បានឲ្យដល់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន១៦នាក់។
19 ឯកូនរបស់រ៉ាជែលជាប្រពន្ធយ៉ាកុប នោះគឺយ៉ូសែប និងបេនយ៉ាមីន
20 នៅស្រុកអេស៊ីព្ទ យ៉ូសែបមានកូន២ គឺម៉ាន៉ាសេ និងអេប្រាអិម ដែលនាងអាសន៉ាត់ ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ
21 កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និងអើឌ
22 នោះសុទ្ធតែជាកូនចៅរបស់រ៉ាជែលដែលនាងបង្កើតឲ្យយ៉ាកុបទាំងអស់មាន១៤នាក់។
23 ឯកូនរបស់ដាន់ គឺហ៊ូស៊ីម
24 ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម
25 នោះសុទ្ធតែជាកូនចៅរបស់ប៊ីលហា ជាបាវស្រីដែលឡាបាន់បានឲ្យទៅនាងរ៉ាជែលជាកូន នាងបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន៧នាក់
26 ពួកអ្នកដែលចូលទៅឯស្រុកអេស៊ីព្ទជាមួយនឹងយ៉ាកុប ជាពួកអ្នកដែលកើតពីគាត់ទាំងប៉ុន្មាន នោះរួមទាំងអស់មាន៦៦នាក់ ឥតរាប់ប្រពន្ធរបស់កូនយ៉ាកុបទាំងប៉ុន្មានទេ
27 ហើយកូនរបស់យ៉ូសែប ដែលគាត់បង្កើតនៅស្រុកអេស៊ីព្ទ នោះមាន២នាក់ ដូច្នេះ ពួកគ្រួរបស់យ៉ាកុបទាំងអស់ដែលចុះទៅឯស្រុកអេស៊ីព្ទ នោះរួមគ្នាមាន៧០នាក់។
28 គាត់ចាត់យូដាទៅឯយ៉ូសែបជាមុន ដើម្បីនឹងសួរផ្លូវដែលទៅឯស្រុកកូសែន រួចគេទៅដល់ស្រុកកូសែននោះ
29 ឯយ៉ូសែបគាត់ទឹមរថរបស់គាត់ឡើងទៅទទួលអ៊ីស្រាអែលជាឪពុកនៅត្រង់កូសែន ក៏ចូលទៅឱបកឪពុក ហើយយំជាយូរ
30 អ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯងដែលឯងនៅរស់នៅឡើយ
31 យ៉ូសែបក៏និយាយទៅបងប្អូន និងពួកគ្រួឪពុកទាំងអស់ថា ខ្ញុំនឹងឡើងទៅគាល់ផារ៉ោនទូលថា ពួកបងប្អូនខ្ញុំ និងគ្រួឪពុកខ្ញុំដែលនៅស្រុកកាណានបានមកដល់ខ្ញុំហើយ
32 អ្នកទាំងនោះជាអ្នកធ្លាប់ឃ្វាលសត្វ ពីព្រោះគេមានរបររកស៊ីដោយចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ និងរបស់គេទាំងអស់មកផង
33 ដូច្នេះកាលណាផារ៉ោនមានព្រះបន្ទូលហៅបងប្អូនទៅសួរពីរបររកស៊ី
34 នោះត្រូវឆ្លើយថាយើងខ្ញុំ ជាបាវបំរើទ្រង់ បានធ្លាប់ឃ្វាលសត្វតាំងតែពីក្មេងដរាបមកដល់ឥឡូវនេះ ទាំងយើងខ្ញុំនឹងឪពុកយើងខ្ញុំតរៀងមកផង នោះដើម្បីឲ្យបងប្អូនបាននៅក្នុងស្រុកកូសែននោះ ពីព្រោះគ្រប់អស់ទាំងអ្នកគង្វាលសត្វជាទីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ។