1 ក្រោយការទាំងនោះមកមានគេជំរាបយ៉ូសែបថា ឪពុកលោកមានជំងឺឈឺហើយ នោះយ៉ូសែបក៏នាំយកម៉ាន៉ាសេ និងអេប្រាអិម ជាកូនខ្លួនទាំង២ ទៅជាមួយ
2 មានគេជំរាបយ៉ាកុបថា មើល យ៉ូសែបកូនលោកមកដល់ហើយ នោះអ៊ីស្រាអែលគាត់ខំប្រឹងក្រោកអង្គុយឡើងនៅលើគ្រែ។
3 ហើយនិយាយទៅយ៉ូសែបថា ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាទ្រង់បានលេចមកឯអញ ត្រង់លូសក្នុងស្រុកកាណាន ហើយក៏ប្រទានពរឲ្យអញ
4 ដោយព្រះបន្ទូលថា មើល អញនឹងធ្វើឲ្យឯងបង្កើតបានកូនចំរើនជាច្រើនឡើង ឲ្យឯងបានទៅជាពួកច្រើនរួមគ្នាតែ១ អញនឹងឲ្យស្រុកនេះដល់ពូជឯងតទៅ ទុកជាកេរអាករដល់គេនៅអស់កល្បជានិច្ច
5 រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិម និងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេន និងស៊ីម្មានជារបស់ផងអញដែរ
6 តែពូជដែលឯងនឹងបង្កើតក្រោយទៀត នោះនឹងបានជារបស់ផងឯងវិញ វានឹងត្រូវហៅតាមឈ្មោះបងប្អូនវា ក្នុងចំណែកមរដករបស់គេ
7 ឯអញ កាលមកពីប៉ាដាន់ នោះម្តាយឯងបានស្លាប់ចោលអញទៅ តាមផ្លូវនៅស្រុកកាណាន ក្នុងកាលដែលជិតដល់អេប្រាតាហើយ អញក៏បានកប់សពនៅទីនោះតាមផ្លូវអេប្រាតា គឺជាបេថ្លេហិម។
8 អ៊ីស្រាអែលគាត់ឃើញកូនយ៉ូសែប ក៏សួរថា តើអ្នកណានេះ
9 រួចយ៉ូសែបជំរាបឪពុកថា នេះគឺជាកូនដែលព្រះបានប្រទានឲ្យខ្ញុំនៅស្រុកនេះ គាត់ប្រាប់ថា ចូរនាំវាមកណេះ អញនឹងឲ្យពរដល់វា
10 រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា
11 រួចគាត់និយាយទៅយ៉ូសែប អញស្មានថា លែងឃើញមុខឯងហើយ តែមើល ព្រះបានឲ្យអញឃើញទាំងពូជឯងផង
12 នោះយ៉ូសែបនាំកូនទាំង២ ថយចេញពីក្បាលជង្គង់ឪពុកមក រួចក្រាបផ្កាប់មុខចុះដល់ដី
13 យ៉ូសែបក៏នាំយកកូនចូលទៅជិតឪពុកវិញ គឺអេប្រាអិមនៅដៃស្តាំទៅខាងឆ្វេងអ៊ីស្រាអែល ហើយម៉ាន៉ាសេនៅដៃឆ្វេងទៅខាងស្តាំអ៊ីស្រាអែល
14 នោះអ៊ីស្រាអែលគាត់លូកដៃស្តាំទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើម៉ាន៉ាសេវិញ ទោះបើម៉ាន៉ាសេជាកូនច្បងក៏ដោយ គាត់ធ្វើដៃដូច្នេះដោយមានគំនិតយល់ជាក់
15 រួចគាត់ឲ្យពរដល់យ៉ូសែបថា សូមឲ្យព្រះ ដែលអ័ប្រាហាំជាជីតា និងអ៊ីសាកជាឪពុកអញបានដើរនៅចំពោះទ្រង់ ជាព្រះដែលបានចិញ្ចឹមអញគ្រប់១ជីវិតដរាបដល់សព្វថ្ងៃនេះ
16 គឺជាទេវតា ដែលបានជួយឲ្យអញរួច ពីគ្រប់ទាំងសេចក្ដីអាក្រក់ សូមទ្រង់ប្រទានពរដល់ក្មេងទាំង២នេះ ហើយឲ្យវាបានហៅតាមឈ្មោះអញ តាមឈ្មោះអ័ប្រាហាំជាជីតា និងអ៊ីសាកជាឪពុកអញ សូមឲ្យវាបានចំរើនឡើង មានគ្នាសន្ធឹកនៅលើផែនដី
17 កាលយ៉ូសែបឃើញថា ឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអិម នោះគាត់មិនសុខចិត្តឡើយ ក៏ចាប់ដៃឪពុក ចង់លើកចេញពីក្បាលអេប្រាអិមទៅដាក់លើក្បាលម៉ាន៉ាសេវិញ
18 ដោយពាក្យថា មិនត្រូវទេ លោកឪពុកអើយ ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់លោកឪពុកលើក្បាលវាវិញ
19 តែឪពុកមិនព្រមសោះ ក៏និយាយថា អញដឹងហើយ កូនអើយ អញដឹងហើយ វានឹងបានត្រឡប់ជាពួក១ដែរ ហើយនឹងបានធំផង ប៉ុន្តែប្អូននឹងបានធំជាង ពូជវានឹងត្រឡប់ទៅជានគរ១ដ៏ពោរពេញ
20 នៅថ្ងៃនោះឯងគាត់ឲ្យពរដល់ក្មេងទាំង២ថា អ៊ីស្រាអែលនឹងឲ្យពរដល់មនុស្សដទៃដោយសារឯង ដោយថា សូមព្រះទ្រង់ប្រោសឲ្យឯងបានដូចជាអេប្រាអិម និងម៉ាន៉ាសេចុះ ដូច្នេះ គាត់បានលើកអេប្រាអិមឲ្យធំជាងម៉ាន៉ាសេ
21 នោះអ៊ីស្រាអែលក៏និយាយទៅយ៉ូសែបថា មើល អញនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយនឹងឯងរាល់គ្នា ហើយនឹងនាំឯងរាល់គ្នាត្រឡប់ទៅឯស្រុករបស់ពួកអយ្យកោឯងវិញ
22 មួយទៀត ក្នុងរបស់ទាំងប៉ុន្មាន ដែលអញបានយកពីដៃនៃពួកសាសន៍អាម៉ូរី ដោយដាវ និងធ្នូរបស់អញ នោះអញបានចែក១ចំណែកដល់ឯងលើសជាងបងប្អូនឯងហើយ។