1 អ៊ីស្រាអែលជាដើមទំពាំងបាយជូរទ្របទ្រល់ដែលកើតមានផ្លែ គេមានផលកាន់តែច្រើនឡើងយ៉ាងណា នោះក៏ចំរើនអាសនារបស់ខ្លួនជាច្រើនឡើងយ៉ាងនោះដែរ ហើយស្រុកគេបានល្អយ៉ាងណា នោះគេបានធ្វើបង្គោលគោរពឲ្យល្អយ៉ាងនោះដែរ
2 ចិត្តគេចែកជាពីរហើយ គេនឹងត្រូវឃើញថាមានទោសឥឡូវ ទ្រង់នឹងវាយអស់ទាំងអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេបង់
3 ឥឡូវនេះ ពិតប្រាកដជាគេនឹងពោលថា យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចដល់ព្រះយេហូវ៉ា តែបើមានស្តេចវិញ តើនឹងមានប្រយោជន៍អ្វីដល់យើង។
4 គេពោលចេញតែពាក្យប៉ុណ្ណោះ ដោយស្បថកុហកក្នុងការតាំងសញ្ញាគ្នា ហេតុនោះមានការវិនិច្ឆ័យដុះឡើងដូចជាដើមពុល តាមគន្លងក្នុងចំការ
5 ឯពួកអ្នកនៅក្រុងសាម៉ារី គេនឹងភ័យស្លុតពីដំណើររូបកូនគោដែលនៅបេត-អាវេន ដ្បិតពួកជនទាំងឡាយនឹងសោយសោកព្រោះរូបនោះ ព្រមទាំងពួកសង្ឃដែលបានយករូបនោះជាទីរីករាយចិត្តផង ពីព្រោះសិរីល្អរបស់រូបនោះបានបាត់ទៅហើយ
6 គេនឹងដឹកនាំទៅឯស្រុកអាសស៊ើរ ទុកជាដង្វាយថ្វាយដល់ស្តេចយ៉ារែប អេប្រាអិមនឹងទទួលតែសេចក្ដីអាម៉ាស់ខ្មាស ហើយអ៊ីស្រាអែលនឹងត្រូវខ្មាសចំពោះសេចក្ដីប្រឹក្សារបស់ខ្លួន
7 ចំណែកក្រុងសាម៉ារី ស្តេចគេបានសូន្យបាត់ដូចជាពពុះនៅលើទឹក
8 ឯទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺជាអំពើបាបរបស់ពួកអ៊ីស្រាអែល នោះនឹងត្រូវបំផ្លាញ ហើយមានបន្លា និងអញ្ចាញដុះឡើង នៅលើអាសនារបស់គេ ហើយគេនឹងនិយាយដល់ភ្នំធំទាំងប៉ុន្មានថា ចូរគ្របបាំងយើងរាល់គ្នាចុះ ហើយដល់ភ្នំតូចទាំងប៉ុន្មានថា ចូរធ្លាក់មកលើយើងចុះ។
9 ឱអ៊ីស្រាអែលអើយ ឯងបានប្រព្រឹត្តអំពើបាបចាប់តាំងពីគ្រាក្រុងគីបៀររៀងមក នៅទីនោះគេបានឈរនឹងនៅ នៅត្រង់គីបៀរនោះ ចំបាំងទាស់នឹងមនុស្សទុច្ចរិតមិនទាន់មកលើគេនៅឡើយ
10 កាលណាអញពេញចិត្ត នោះអញនឹងវាយផ្ចាលគេ ហើយជនទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ ក្នុងកាលដែលគេបានទឹមនឹមជាមួយនឹងអំពើបាបរបស់គេទាំង២នោះ
11 អេប្រាអិមជាគោក្រមុំថ្នឹកហើយ ដែលចូលចិត្តបញ្ជាន់ស្រូវ តែអញបានបំពាក់នឹមទៅលើកដ៏ល្អរបស់គេ អញនឹងឲ្យម្នាក់ជិះលើអេប្រាអិម ឯយូដាគេនឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់។
12 ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្ដីសប្បុរស ចូរកំសុលដីរបស់ឯងរាល់គ្នាឡើង ដ្បិតដល់ពេលដែលគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្ដីសុចរិតមកលើឯងរាល់គ្នា
13 ឯងរាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាសេចក្ដីទុច្ចរិត ឯងរាល់គ្នាបានស៊ីផលនៃការកុហកហើយ ដ្បិតឯងបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយនឹងចំនួនច្រើននៃមនុស្សខ្លាំងពូកែរបស់ឯង
14 ហេតុនោះនឹងមានការជ្រួលជ្រើមកើតឡើងក្នុងជនជាតិឯង អស់ទាំងបន្ទាយរបស់ឯងនឹងត្រូវបំផ្លាញ ដូចជាស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល ក្នុងថ្ងៃចំបាំង នៅគ្រានោះទាំងម្តាយ និងកូនផង ក៏ត្រូវបោកខ្ទេចខ្ទីជាមួយគ្នា
15 ឯបេត-អែល និងនាំឲ្យឯងបានដូច្នោះដែរ ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់ឯង គឺនៅពេលព្រលឹមស្រាង នោះស្តេចអ៊ីស្រាអែលនឹងត្រូវផ្តាច់ចេញអស់ទៅ។