1 រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឯងទៅស្រឡាញ់ស្រីមួយទៀតចុះ គឺជាស្រីដែលមានអ្នកដទៃស្រឡាញ់ហើយ ក៏ជាស្រីសំផឹងផង ដូចជាព្រះយេហូវ៉ាទ្រង់ក៏ស្រឡាញ់ ដល់ពួកកូនចៅអ៊ីស្រាអែលដែរ ទោះបើគេបែរទៅប្រព្រឹត្តតាមព្រះដទៃ ហើយគេចូលចិត្តនឹងផែនទំពាំងបាយជូរក៏ដោយ
2 ដូច្នេះ ខ្ញុំក៏ទិញនាងមកសំរាប់ខ្លួន ដោយប្រាក់១៥ដួង និងស្រូវឱក១ថាំងកន្លះ
3 រួចខ្ញុំនិយាយនឹងនាងថា ត្រូវឲ្យឯងនៅសំរាប់អញ ជាយូរលង់ មិនឲ្យត្រូវក្បត់អញ ឬទៅជាប្រពន្ធរបស់អ្នកដទៃណាឡើយ អញក៏នឹងប្រព្រឹត្តចំពោះឯងដូច្នោះដែរ
4 នេះពីព្រោះពួកកូនចៅអ៊ីស្រាអែលនឹងនៅឥតមានស្តេច ឬចៅហ្វាយ ឥតការថ្វាយយញ្ញបូជា ឬបង្គោលគោរព ឥតអេផូឌ ឬរូបព្រះជាយូរអង្វែង
5 ក្រោយនោះ ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃគេ និងដាវីឌ ជាស្តេចរបស់គេ នៅជាន់ក្រោយបង្អស់ គេនឹងមកពឹងជ្រកនឹងព្រះយេហូវ៉ា ហើយនឹងសេចក្ដីសប្បុរសនៃទ្រង់ ដោយញាប់ញ័រ។