ហូសេ 9 KHOV

1 ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​រីក‌រាយ​ដោយ​ចិត្ត​អំណរ​ដូច​ជា​អស់​ទាំង​សាសន៍​ឡើយ ដ្បិត​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ចាក​ចេញ​ពី​ព្រះ​របស់​ឯង​ហើយ ឯង​ពេញ​ចិត្ត​នឹង​ទទួល​រង្វាន់ នៅ​គ្រប់​ទាំង​ទី​លាន​ស្រូវ

2 ដូច្នេះ ទី​លាន​ស្រូវ និង​ធុង​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​មិន​ចិញ្ចឹម​គេ​ទៀត ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ​នឹង​ខាន​មាន​ទៅ

3 គេ​នឹង​លែង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រា‌អិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​ស៊ី​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ

4 គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក៏​មិន​បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់​ដែរ អស់​ទាំង​យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា​នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ​វិញ អស់​អ្នក​ណា​ដែល​ស៊ី​ទៅ នឹង​ត្រូវ​ស្មោក‌គ្រោក​ហើយ នំបុ័ង​របស់​គេ​នឹង​បាន​សំរាប់​តែ​ចំអែត​ពោះ​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

5 នៅ​ថ្ងៃ​ជំនុំ​មុត‌មាំ ហើយ​នៅ​ថ្ងៃ​បុណ្យ​នៃ​ព្រះ‌យេហូវ៉ា នោះ​តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច

6 ដ្បិត​មើល គេ​បាន​ចេញ​ទៅ​រួច​ពី​ការ​បំផ្លាញ​ហើយ តែ​សាសន៍​អេស៊ីព្ទ​នឹង​កៀរ​ប្រមូល​គេ​ទុក ក្រុង​ណូព​នឹង​កប់​ខ្មោច​គេ ឯ​គ្រឿង​ប្រាក់​ដែល​គាប់​ចិត្ត​គេ នោះ​នឹង​ទៅ​ជា​របស់​ដើម​កន្ទេច‌អាល​វិញ ហើយ​បន្លា​នឹង​ដុះ​ក្នុង​ទី​លំនៅ​របស់​គេ

7 គ្រា​ស្នង​ទោស​បាន​មក​ដល់ គឺ​គ្រា​សង​សំណង​ដល់​គេ​បាន​មក​ហើយ ពួក​អ៊ីស្រា‌អែល​នឹង​ដឹង​ដែរ ឯ​ហោរា គេ​ឆ្កួត ហើយ​មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​ក៏​លីលា តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូណ៌​របស់​ឯង និង​សេចក្ដី​សំអប់​ដ៏​ជា​ខ្លាំង

8 អ្នក​ចាំ​យាម​របស់​អេប្រា‌អិម​បាន​នៅ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្ញុំ តែ​ពួក​ហោរា​សុទ្ធ​តែ​ជា​លប់ សំរាប់​ចាប់​សត្វ នៅ​គ្រប់​ទាំង​ផ្លូវ​របស់​គេ ហើយ​ជា​សេចក្ដី​សំអប់​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ខ្លួន

9 គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ ដូច​កាល​នៅ​គ្រា​គីបៀរ ទ្រង់​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។

10 អញ​បាន​ប្រទះ​នឹង​អ៊ីស្រា‌អែល ដូច​ជា​ប្រទះ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន អញ​បាន​ឃើញ​ពួក​អយ្យកោ​ឯង​រាល់​គ្នា ដូច​ជា​ផ្លែ​នៅ​ដើម​ល្វា​ដែល​ទុំ​មុន​គេ​នៅ​រដូវ​ជា​ដំបូង តែ​គេ​បាន​ទៅ​ដល់​បាល-ពេអរ ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​រូប​ព្រះ​គួរ​ខ្មាស ក៏​ត្រឡប់​ជា​គួរ​ខ្ពើម​ឆ្អើម​ដូច​ជា​របស់​ដែល​គេ​ស្រឡាញ់​នោះ

11 ចំណែក​អេប្រា‌អិម សិរី‌ល្អ​របស់​គេ​នឹង​ហើរ​បាត់​ទៅ​ដូច​ជា​សត្វ​ស្លាប និង​ឥត​មាន​ការ​សំរាល ឬ​មាន​ទំងន់ ឬ​ការ​ចាប់​ទុំ​ផ្ទៃ​ទៀត​ឡើយ

12 ហើយ​ទោះ​បើ​គេ​បី​បាច់​ចិញ្ចឹម​កូន​ឲ្យ​ធំ​ឡើង គង់​តែ​អញ​នឹង​បង្អត់​ទៅ ឲ្យ​ឥត​មាន​មនុស្ស​ណា​នៅ​សល់​សោះ អើ វេទនា​ដល់​គេ​ដែរ ក្នុង​កាល​ដែល​អញ​ចាក​ចេញ​ពី​គេ​ទៅ

13 ឯ​អេប្រា‌អិម បាន​តាំង​នៅ​ក្នុង​ទី​គាប់​ចិត្ត ដូច​ជា​អញ​បាន​ឃើញ​ក្រុង​ទីរ៉ុស​ដែរ ប៉ុន្តែ​អេប្រា‌អិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន​ចេញ​មក​ឲ្យ​អ្នក​ដែល​កាប់​សំឡាប់​វិញ

14 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ តែ​ត្រូវ​ប្រទាន​អ្វី គឺ​ត្រូវ​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន ហើយ​ដោះ​រីង​ស្ងួត

15 អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីលកាល ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​ស្អប់​គេ អញ​នឹង​បណ្តេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​របស់​អញ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​នៃ​ការ​ដែល​គេ​ធ្វើ អញ​នឹង​មិន​ស្រឡាញ់​គេ​ត​ទៅ​ទៀត ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ

16 អេប្រា‌អិម​ត្រូវ​វាយ ហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ អើ ទោះ​បើ​គេ​បង្កើត​កូន​បាន​ដែរ គង់​តែ​អញ​នឹង​សំឡាប់​កូន​សំឡាញ់ ដែល​ចេញ​ពី​ផ្ទៃ​គេ​មក

17 ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​បោះ​គេ​ចោល ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ទ្រង់ នោះ​គេ​នឹង​បាន​ជា​មនុស្ស​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14