1 ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ ទ្រង់ក៏នឹងប្រោសឲ្យជាផង ទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ
2 នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយ លុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់
3 ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ ឯដំណើរដែលទ្រង់យាងចេញមក នោះទៀងដូចជាអរុណរៈ ហើយទ្រង់នឹងយាងមកឯយើងរាល់គ្នា ដូចជាទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។
4 ឱអេប្រាអិមអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ឱយូដាអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ដ្បិតសេចក្ដីសប្បុរសរបស់ឯង នោះប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់
5 ដោយហេតុនោះ អញបានកាប់គេ ដោយសារពួកហោរា ហើយបានសំឡាប់គេ ដោយពាក្យពីមាត់អញ ឯសេចក្ដីវិនិច្ឆ័យរបស់អញ នោះប្រៀបដូចជាពន្លឺដែលចាំងមក
6 ដ្បិតអញពេញចិត្តចំពោះសេចក្ដីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត
7 ប៉ុន្តែគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្ដីសញ្ញា គេបានក្បត់នឹងអញ ក្នុងសេចក្ដីនោះឯង
8 ការឡាតជាទីក្រុងរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺត្រូវប្រឡាក់ដោយឈាមហើយ
9 ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏កាប់សំឡាប់មនុស្សតាមផ្លូវទៅឯស៊ីគែមដូច្នោះដែរ អើ គេបានប្រព្រឹត្តបទដ៏អាក្រក់ណាស់ផង
10 អញបានឃើញការយ៉ាងសំបើម នៅក្នុងពួកវង្សអ៊ីស្រាអែល គឺមានការកំផិតរបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលក៏បានស្មោកគ្រោកដែរ
11 មួយទៀត ឱយូដាអើយ មានការចំរូតដំរូវមកលើឯងដែរ ក្នុងកាលដែលអញនាំពួកឈ្លើយក្នុងរាស្ត្រអញឲ្យមកវិញ។