ហូសេ 12 KHOV

1 អេប្រា‌អិម​តែង​ឡោម‌ព័ទ្ធ​អញ ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​សេចក្ដី​ឆរ‌បោក​ដែរ ឯ​យូដា គេ​នៅ​តែ​មាន​អំណាច​ចំពោះ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​ដែរ

2 អេប្រា‌អិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់​ទទេ ក៏​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត គេ​ចំរើន​សេចក្ដី​ភូត‌ភរ និង​ការ​ខូច​បង់​ជានិច្ច គេ​តាំង​សញ្ញា​នឹង​ស្រុក​អាស‌ស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​យូដា​ដែរ ក៏​នឹង​ធ្វើ​ទោស​ដល់​យ៉ាកុប​តាម​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង

4 កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ នោះ​យ៉ាកុប​បាន​ចាប់​កែង‌ជើង​របស់​បង លុះ​កាល​មាន​វ័យ​ពេញ​កំឡាំង​ហើយ នោះ​ក៏​មាន​អំណាច​នៅ​ចំពោះ​ព្រះ​ដែរ

5 អើ ក៏​មាន​អំណាច​លើ​ទេវតា ហើយ​លោក​បាន​ឈ្នះ​ផង​លោក​បាន​យំ ហើយ​អង្វរ​ដល់​ទ្រង់ ក៏​ប្រទះ​ឃើញ​នៅ​ត្រង់​បេត-អែល នៅ​ទី​នោះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​យើង​រាល់​គ្នា

6 គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ «យេហូវ៉ា»នេះ ជា​នាម​ដ៏​ជា​ទី​រំឭក​ពី​ទ្រង់

7 ដូច្នេះ ចូរ​វិល​មក​ឯ​ព្រះ​នៃ​ឯង​វិញ​ចុះ ចូរ​កាន់​តាម​សេចក្ដី​សប្បុរស និង​សេចក្ដី​យុត្តិ‌ធម៌ ព្រម​ទាំង​រង់‌ចាំ​ព្រះ​នៃ​ឯង​ជានិច្ច​ផង។

8 ពួក​ឈ្នួញ​ទេ​តើ​ហ្ន៎ មាន​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​កាន់​នៅ​ដៃ ក៏​ចូល​ចិត្ត​នឹង​ការ​កេង​បំបាត់​ផង

9 អេប្រា‌អិម​ពោល​ថា អញ​បាន​ត្រឡប់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ​ហើយ អញ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន តែ​ក្នុង​ការ​ទាំង​ប៉ុន្មាន​របស់​អញ នោះ​នឹង​ឥត​មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត ឬ​អំពើ​បាប​ណា​ឡើយ

10 ប៉ុន្តែ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ចាប់​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​នៅ​ក្នុង​បារាំ​ម្តង​ទៀត ដូច​នៅ​គ្រា​បុណ្យ​មុត‌មាំ

11 អញ​បាន​និយាយ​ដោយ‌សារ​ពួក​ហោរា ហើយ​បាន​ចំរើន​ការ​ជាក់‌ស្តែង​ឡើង ក៏​បាន​ប្រើ​សេចក្ដី​ប្រៀប‌ធៀប ដោយ‌សារ​ដៃ​នៃ​ពួក​ហោរា​ដែរ

12 ឯ​ស្រុក​កាឡាត​គេ​អាក្រក់​ទទេ ក៏​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទាំង​អស់ នៅ​ត្រង់​គីលកាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា អស់​ទាំង​អាសនា​របស់​គេ ប្រៀប​ដូច​ជា​ដុំ​ដី នៅ​ក្នុង​គន្លង​ស្រែ​ចំការ

13 ចំណែក​ឯ​យ៉ាកុប​លោក​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម អ៊ីស្រា‌អែល​បាន​បំរើ​គេ ឲ្យ​បាន​ប្រពន្ធ គឺ​បាន​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​បាន​ប្រពន្ធ​នោះ

14 ហើយ​ដោយ‌សារ​ហោរា​ម្នាក់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ការ‌ពារ ដោយ‌សារ​ហោរា​ដែរ

15 តែ​អេប្រា‌អិម​បាន​បណ្តាល ឲ្យ​មាន​សេចក្ដី​ខ្ញាល់​យ៉ាង​គ្រោត‌គ្រាត ហេតុ​នោះ​ឈាម​របស់​គេ និង​នៅ​ជាប់​លើ​ខ្លួន​គេ ហើយ​ព្រះ‌អម្ចាស់ ទ្រង់​នឹង​តប​ស្នង​សេចក្ដី​ដំនៀល​របស់​គេ​ទៅ​លើ​គេ​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14