8 អញនឹងសង្ខុញចូលទៅលើឯង ដូចជាខ្លាឃ្មុំដែលត្រូវព្រាត់ពីកូន គឺអញនឹងហែកស្រោមបេះដូងឯងចេញ នៅទីនោះនឹងត្របាក់ស៊ីឯងទៅ ដូចជាសិង្ហញី ឯសត្វព្រៃនឹងហែកឯងដែរ។
9 ឱអ៊ីស្រាអែលអើយ សេចក្ដីដែលនាំឲ្យឯងត្រូវវិនាស នោះគឺជាដំណើរដែលទាស់ទទឹងនឹងអញ គឺទាស់នឹងអ្នកដែលជួយសង្គ្រោះឯង
10 ឥឡូវនេះ ស្តេចឯងនៅឯណា ដើម្បីឲ្យគេជួយសង្គ្រោះឯង នៅគ្រប់ទាំងទីក្រុងរបស់ឯងផង និងពួកចៅក្រមរបស់ឯង ដែលឯងបានសូមគេថា សូមឲ្យយើងមានស្តេច និងពួកចៅហ្វាយចុះ
11 អញបានឲ្យឯងមានស្តេច ដោយសេចក្ដីកំហឹងរបស់អញ ក៏បានដកស្តេចនោះចេញ ដោយសេចក្ដីក្រោធរបស់អញដែរ
12 សេចក្ដីទុច្ចរិតរបស់អេប្រាអិមបានខ្ចប់ទុកហើយ ឯអំពើបាបរបស់គេក៏បានសន្សំទុកដែរ
13 គេនឹងកើតមានសេចក្ដីឈឺចាប់ ដូចជាស្រីកំពុងឈឺនឹងសំរាលកូន គេជាកូនដែលអាប់ឥតប្រាជ្ញា ដ្បិតដល់កំណត់ហើយ នោះមិនគួរឲ្យនៅជាយូរក្នុងទីសំរាលកូនឡើយ
14 អញនឹងដោះគេ ឲ្យរួចពីកណ្តាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏នឹងលោះគេ ឲ្យរួចពីសេចក្ដីស្លាប់ដែរ ឱសេចក្ដីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា ឯសេចក្ដីឈឺចិត្តខ្មាសបាប នឹងបានកំបាំងពីភ្នែកអញ។