17 ដ្បិតអញនឹងដកអស់ទាំងឈ្មោះនៃព្រះបាលចេញពីមាត់នាង នោះអញនឹងលែងនឹកដើមពីឈ្មោះព្រះទាំងនោះទៀត
18 នៅថ្ងៃនោះ អញក៏នឹងតាំងសញ្ញាឲ្យគេ ជាមួយនឹងសត្វនៅផែនដី និងសត្វហើរលើអាកាស ហើយសត្វលូនវានៅដីផង អញនឹងបំបាក់ធ្នូ និងដាវ ធ្វើឲ្យការសង្គ្រាមបាត់ចេញពីស្រុកទៅ ឲ្យគេបានដេកទៅដោយសុខសាន្ត
19 នោះអញនឹងដណ្តឹងនាងសំរាប់អញ ទុកជាដរាបតទៅ អើ អញនឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ សេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា
20 ក៏នឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីស្មោះត្រង់ផង នោះនាងនឹងបានស្គាល់ព្រះយេហូវ៉ា។
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងឆ្លើយតបថា គឺអញតបនឹងផ្ទៃមេឃ ហើយផ្ទៃមេឃនឹងតបដល់ផែនដី
22 ដីនឹងតបដល់ស្រូវ ទឹកទំពាំងបាយជូរ ហើយនឹងប្រេង របស់ទាំងនោះក៏នឹងតបដល់យេសរាលដែរ
23 អញនឹងសាបព្រោះពូជនាងនៅលើផែនដីសំរាប់អញ រួចអញនឹងអាណិតមេត្តាដល់ពួកឡូ-រូហាម៉ា ហើយនឹងនិយាយដល់ពួកឡូ-អាំមីថា ឯងជារាស្ត្ររបស់អញ នោះគេនឹងឆ្លើយតបថា ទ្រង់ជាព្រះនៃយើងខ្ញុំ។