ហូសេ 4:1-6 KHOV

1 ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​ពួក​អ្នក​ស្រុក​នេះ ពី​ព្រោះ​គ្មាន​សេចក្ដី​ពិត ឬ​សេចក្ដី​សប្បុរស ក៏​ឥត​មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ

2 មាន​សុទ្ធ​តែ​ការ​ប្រទេច​ផ្តាសា ភូត‌កុហក កាប់​សំឡាប់ លួច​ប្លន់ ហើយ​ផិត​គ្នា​ទទេ គេ​រឹប​ជាន់ ហើយ​កំចាយ​ឈាម​តៗ​គ្នា

3 ហេតុ​នោះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស​ផង អើ ទាំង​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ

4 ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ត​តាំង ឬ​ស្តី​បន្ទោស​អ្នក​ណា​ឡើយ ដ្បិត​ជន‌ជាតិ​ឯង​ប្រៀប​ដូច​ជា​មនុស្ស​ដែល​ត​តាំង​នឹង​សង្ឃ

5 ហេតុ​នោះ ឯង​នឹង​ត្រូវ​ចំពប់​ទាំង​ថ្ងៃ ហើយ​ហោរា​នឹង​ចំពប់​ជា​មួយ​នឹង​ឯង នៅ​ពេល​យប់​ដែរ អញ​នឹង​បំផ្លាញ​ទាំង​ម្តាយ​ឯង​ផង។

6 រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះ‌បង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ ហើយ​ដោយ​ហេតុ ដែល​ឯង​បាន​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​ឯង នោះ​អញ​ក៏​នឹង​ភ្លេច​កូន​ចៅ​របស់​ឯង​ដូច​គ្នា