1 ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឯពូជពង្សនៃស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតសេចក្ដីយុត្តិធម៌កំពុងតែកាត់ទោសដល់ឯងរាល់គ្នាហើយ ពីព្រោះឯងជាអន្ទាក់នៅត្រង់មីសប៉ា ហើយជាមងលាតទៅលើភ្នំតាបោរ
2 ពួកក្បត់បានផុងយ៉ាងជ្រៅ ចុះក្នុងការសំឡាប់សត្វថ្វាយដល់រូបព្រះ ទោះបើអញបានធ្វើជាអ្នកបន្ទោស ដល់គេគ្រប់គ្នាក៏ដោយ
3 អញស្គាល់អេប្រាអិមហើយ ឯអ៊ីស្រាអែលក៏មិនកំបាំងពីអញដែរ ដ្បិតឥឡូវនេះ ឱអេប្រាអិមអើយ ឯងបានប្រព្រឹត្តសេចក្ដីកំផិត ហើយអ៊ីស្រាអែលក៏ស្មោកគ្រោកដូចគ្នា
4 ការប្រព្រឹត្តរបស់គេមិនបើកឲ្យគេវិលមកឯព្រះនៃគេវិញបានទេ ដ្បិតនិស្ស័យកំផិតនៅក្នុងគេហើយ គេមិនបានស្គាល់ព្រះយេហូវ៉ាសោះ