1 ចូរផ្អឹបត្រែនៅមាត់ឯងចុះ គេមកទាស់នឹងលំនៅនៃព្រះយេហូវ៉ា ដូចជាឥន្ទ្រី ពីព្រោះពួកអ៊ីស្រាអែលបានក្បត់សញ្ញារបស់អញ ហើយបានរំលងច្បាប់អញផង
2 គេនឹងអំពាវនាវមករកអញថា ឱព្រះនៃខ្ញុំអើយ អ៊ីស្រាអែលយើងស្គាល់ទ្រង់ដែរ
3 តែអ៊ីស្រាអែលបានលះបង់ចោលសេចក្ដីដែលល្អហើយ ពួកខ្មាំងសត្រូវនឹងដេញតាមគេ
4 គេបានតាំងស្តេចផ្សេងៗឡើង តែមិនមែនដោយសារអញទេ ក៏បានតាំងចៅហ្វាយឡើង តែអញមិនបានដឹងឡើយ គេបានយកប្រាក់ និងមាសរបស់ខ្លួនធ្វើជារូបព្រះ ជាការដែលនាំឲ្យគេត្រូវកាត់ចេញ
5 ឱសាម៉ារីអើយ រូបកូនគោរបស់ឯងបានត្រូវចោលចេញហើយ សេចក្ដីកំហឹងរបស់អញបានឆួលឡើងទាស់នឹងវា តើដល់កាលណាទើបគេជ្រះស្អាតវិញ
6 ដ្បិតរូបកូនគោនោះកើតនៅស្រុកអ៊ីស្រាអែល គឺពួកជាងដែលបង្កើតវាឡើង វាមិនមែនជាព្រះទេ អើ រូបកូនគោរបស់សាម៉ារី នឹងត្រូវបំបែកខ្ទេចខ្ទីទៅ
7 ដ្បិតគេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ ឥតមានដើមស្រូវសោះ ក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផង ឬបើកើតមានផលដែរ នោះមនុស្សដទៃនឹងលេបបាត់ទៅ។
8 អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានទុកដូចជាភាជនៈ ដែលឥតមានអ្នកណាចូលចិត្តសោះ
9 ដ្បិតគេបានឡើងទៅឯស្រុកអាសស៊ើរ ដូចជាលាព្រៃដែលនៅតែឯង អេប្រាអិមបានជួលពួកសហាយ
10 អើ ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ គង់តែអញនឹងប្រមូលពួកទាំងនោះមកដែរ ហើយគេនឹងត្រូវអន់ថយទៅ ដោយព្រោះបន្ទុករបស់ស្តេចនៃអស់ទាំងព្រះអម្ចាស់។
11 ហេតុដោយព្រោះអេប្រាអិម បានចំរើនអាសនាជាច្រើនឡើងសំរាប់ធ្វើបាប បានជាគេរាប់អាសនាទាំងអស់ទុកជាទីសំរាប់ធ្វើបាបដែរ
12 ទោះបើអញកត់ទុកអស់ទាំងមាត្រាក្នុងច្បាប់របស់អញក៏ដោយ គង់តែគេនឹងប្រកាន់ថា ជាច្បាប់ដទៃវិញ
13 ឯខាងយញ្ញបូជា ជាដង្វាយដែលត្រូវថ្វាយដល់អញ នោះគេសំឡាប់សត្វទៅ ដើម្បីតែស៊ីសាច់ប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់មិនទទួលទេ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេឥឡូវ ហើយតបស្នងនឹងអំពើបាបរបស់គេ ឯគេ នឹងត្រូវវិលនៅឯស្រុកអេស៊ីព្ទទាំងអស់វិញ
14 ពីព្រោះអ៊ីស្រាអែលបានភ្លេចព្រះដែលបង្កើតខ្លួនទៅ ក៏ស្អាងវិហារផ្សេងៗឡើង ហើយពួកយូដាបានសង់ទីក្រុងមានបន្ទាយកាន់តែច្រើន តែអញនឹងចាត់ភ្លើងទៅលើទីក្រុងទាំងប៉ុន្មានរបស់គេ ភ្លើងនោះនឹងឆេះបន្សុសអស់ទាំងដំណាក់របស់គេទៅ។