1 ចូរផ្អឹបត្រែនៅមាត់ឯងចុះ គេមកទាស់នឹងលំនៅនៃព្រះយេហូវ៉ា ដូចជាឥន្ទ្រី ពីព្រោះពួកអ៊ីស្រាអែលបានក្បត់សញ្ញារបស់អញ ហើយបានរំលងច្បាប់អញផង
2 គេនឹងអំពាវនាវមករកអញថា ឱព្រះនៃខ្ញុំអើយ អ៊ីស្រាអែលយើងស្គាល់ទ្រង់ដែរ
3 តែអ៊ីស្រាអែលបានលះបង់ចោលសេចក្ដីដែលល្អហើយ ពួកខ្មាំងសត្រូវនឹងដេញតាមគេ
4 គេបានតាំងស្តេចផ្សេងៗឡើង តែមិនមែនដោយសារអញទេ ក៏បានតាំងចៅហ្វាយឡើង តែអញមិនបានដឹងឡើយ គេបានយកប្រាក់ និងមាសរបស់ខ្លួនធ្វើជារូបព្រះ ជាការដែលនាំឲ្យគេត្រូវកាត់ចេញ
5 ឱសាម៉ារីអើយ រូបកូនគោរបស់ឯងបានត្រូវចោលចេញហើយ សេចក្ដីកំហឹងរបស់អញបានឆួលឡើងទាស់នឹងវា តើដល់កាលណាទើបគេជ្រះស្អាតវិញ
6 ដ្បិតរូបកូនគោនោះកើតនៅស្រុកអ៊ីស្រាអែល គឺពួកជាងដែលបង្កើតវាឡើង វាមិនមែនជាព្រះទេ អើ រូបកូនគោរបស់សាម៉ារី នឹងត្រូវបំបែកខ្ទេចខ្ទីទៅ
7 ដ្បិតគេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ ឥតមានដើមស្រូវសោះ ក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផង ឬបើកើតមានផលដែរ នោះមនុស្សដទៃនឹងលេបបាត់ទៅ។