1 ឱអ៊ីស្រាអែលអើយ កុំឲ្យរីករាយដោយចិត្តអំណរដូចជាអស់ទាំងសាសន៍ឡើយ ដ្បិតឯងបានប្រព្រឹត្តសេចក្ដីកំផិតចាកចេញពីព្រះរបស់ឯងហើយ ឯងពេញចិត្តនឹងទទួលរង្វាន់ នៅគ្រប់ទាំងទីលានស្រូវ
2 ដូច្នេះ ទីលានស្រូវ និងធុងជាន់ផ្លែទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀត ហើយទឹកទំពាំងបាយជូរនឹងខានមានទៅ
3 គេនឹងលែងអាស្រ័យនៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងស៊ីអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ
4 គេនឹងលែងច្រួចស្រាទំពាំងបាយជូរ ថ្វាយដល់ព្រះយេហូវ៉ា ក៏មិនបានជាទីគាប់ព្រះហឫទ័យដល់ទ្រង់ដែរ អស់ទាំងយញ្ញបូជារបស់គេនឹងបានដូចជានំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេវិញ អស់អ្នកណាដែលស៊ីទៅ នឹងត្រូវស្មោកគ្រោកហើយ នំបុ័ងរបស់គេនឹងបានសំរាប់តែចំអែតពោះគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ
5 នៅថ្ងៃជំនុំមុតមាំ ហើយនៅថ្ងៃបុណ្យនៃព្រះយេហូវ៉ា នោះតើឯងរាល់គ្នានឹងធ្វើដូចម្តេច
6 ដ្បិតមើល គេបានចេញទៅរួចពីការបំផ្លាញហើយ តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេទុក ក្រុងណូពនឹងកប់ខ្មោចគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នោះនឹងទៅជារបស់ដើមកន្ទេចអាលវិញ ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ
7 គ្រាស្នងទោសបានមកដល់ គឺគ្រាសងសំណងដល់គេបានមកហើយ ពួកអ៊ីស្រាអែលនឹងដឹងដែរ ឯហោរា គេឆ្កួត ហើយមនុស្សដែលមាននិស្ស័យខាងវិញ្ញាណក៏លីលា តែដោយព្រោះអំពើទុច្ចរិតដ៏បរិបូណ៌របស់ឯង និងសេចក្ដីសំអប់ដ៏ជាខ្លាំង