១ របាក្សត្រ 16:28-34 KHOV

28 ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា

29 ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ទ្រង់ ចូរ​នាំ​យក​ដង្វាយ​១​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ដោយ​សិរី​លំអ​នៃ​សេចក្ដី​បរិសុទ្ធ

30 គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ ឯ​លោកីយ៍ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ

31 ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​សេចក្ដី​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សោយ‌រាជ្យ

32 ចូរ​ឲ្យ​សមុទ្រ និង​បណ្តា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចំការ និង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង

33 ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំនះ​ផែនដី

34 ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប‌ជានិច្ច