7 កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា
8 បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅបរិភោគការ នោះកុំឲ្យអង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ ក្រែងចួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក
9 ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក និងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេផង
10 ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាអ្នកមង្គលការមកដល់ នោះគាត់នឹងនិយាយថា សំឡាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខវិញ នោះអ្នកនឹងបានថ្កើងឡើង នៅមុខពួកអ្នកដែលអង្គុយនៅតុជាមួយគ្នា
11 ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។
12 ទ្រង់ក៏មានព្រះបន្ទូលទៅអ្នក ដែលបានអញ្ជើញទ្រង់ថា កាលណាអ្នកលៀងភ្ញៀវពេលថ្ងៃត្រង់ ឬពេលល្ងាច នោះកុំឲ្យអញ្ជើញពួកសំឡាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងដូច្នោះវិញដែរ
13 បើកាលណាអ្នករៀបលៀងភ្ញៀវនោះ ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ