លូកា 19 KHOV

ព្រះ‌យេស៊ូវ និង​លោក​សាខេ

1 លុះ​ទ្រង់​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរីខូរ ក៏​យាង​កាត់​ទី​ក្រុង​ទៅ

2 នោះ​ឃើញ​មាន​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​ពួក​អ្នក​យក​ពន្ធ

3 គាត់​ខំ​រក​មើល​ព្រះ‌យេស៊ូវ ដែល​ទ្រង់​មាន​បែប​ភាព​ជា​យ៉ាង​ណា តែ​មិន​ឃើញ​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ ហើយ​គាត់​ក៏​តូច​ទាប​ផង

4 ដូច្នេះ គាត់​រត់​ទៅ​ពី​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់ ព្រោះ​ទ្រង់​ត្រូវ​យាង​មក​តាម​នោះ

5 កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់ នោះ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក

6 គាត់​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ទ្រង់​ដោយ​អំណរ

7 កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូ‌រទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប

8 ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា មើល ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ចែក​ទ្រព្យ​ទូល‌បង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូល‌បង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូល‌បង្គំ​នឹង​សង​គេ​១​ជា​៤​វិញ

9 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​អ្នក​នេះ​ជា​ពូជ​លោក​អ័ប្រាហាំ​ដែរ

10 ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់‌បង់។

ប្រស្នា​អំពី​ប្រាក់​ណែន

11 កាល​គេ​កំពុង​តែ​ស្តាប់​សេចក្ដី​ទាំង​នោះ​នៅ​ឡើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ថែម​ទៀត ដោយ​ព្រោះ​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម

12 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ដើម្បី​គ្រង​រាជ្យ រួច​ត្រឡប់​មក​វិញ

13 ក៏​ហៅ​ពួក​បាវ​១០​នាក់ មក​ប្រគល់​ប្រាក់​១០​ណែនដល់​គេ ដោយ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​ជំនួញ ដរាប​ដល់​អញ​ត្រឡប់​មក​វិញ

14 ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​សារ​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា យើង​រាល់​គ្នា​មិន​ចង់​ឲ្យ​មនុស្ស​នេះ​សោយ​រាជ្យ​លើ​យើង​ទេ

15 លុះ​ត្រឡប់​មក​វិញ ក្រោយ​ដែល​បាន​គ្រង​រាជ្យ​ហើយ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ចង់​ដឹង ពី​អ្នក​នីមួយៗ ដែល​ជួញ​បាន​ចំណេញ​ប៉ុន្មាន​ម្នាក់

16 អ្នក​មុន​ដំបូង​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​១០​ណែន​ទៀត

17 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ប្រពៃ​ហើយ​បាវ​ល្អ​អើយ ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ស្មោះ​ចំពោះ ក្នុង​ការ​បន្តិច​បន្តួច​នេះ នោះ​ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​១០​ចុះ

18 អ្នក​ទី​២​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​៥​ណែន​ទៀត

19 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នេះ​ដែរ​ថា ឯ​ឯង ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​៥​ចុះ

20 អ្នក​១​ទៀត​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ នេះ​នែ​ប្រាក់​ណែន​របស់​ទ្រង់ ដែល​ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង

21 ដ្បិត​ទូល‌បង្គំ​នឹក​ខ្លាច​ទ្រង់ ព្រោះ​ទ្រង់​ជា​មនុស្ស​ប្រិត‌ប្រៀប ទ្រង់​លើក​យក​របស់​ដែល​ទ្រង់​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​ទ្រង់​មិន​បាន​សាប‌ព្រោះ

22 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា បាវ​អាក្រក់​អើយ អញ​នឹង​ជំនុំ​ជំរះ​ឯង តាម​សំដី​ឯង ចុះ​បើ​ឯង​ដឹង​ថា អញ​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​លើក​យក​របស់​ដែល​អញ​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​អញ​មិន​បាន​សាប‌ព្រោះ

23 ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​យក​ប្រាក់​អញ​នោះ ទៅ​ដាក់​នៅ​ឯ​ផ្ទះ​ចង​ការ​វិញ ដើម្បី​ដល់​អញ​ត្រឡប់​មក​វិញ នោះ​អញ​នឹង​បាន​ទាំង​ដើម​ទាំង​ការ​ផង

24 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ចូរ​ដក​យក​ប្រាក់​១​ណែន​ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០​ណែន​វិញ

25 (អ្នក​ទាំង​នោះ​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ អ្នក​នោះ​មាន​១០​ណែន​ហើយ)

26 ដ្បិត​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ចេញ​ផង

27 មួយ​ទៀត ឯ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​អញ​សោយ​រាជ្យ​លើ​គេ នោះ​ចូរ​នាំ​គេ​មក​សំឡាប់​ទាំង​អស់ នៅ​មុខ​អញ​នេះ​វិញ។

ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​យេរូ‌សាឡិម

28 លុះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​មុខ ឡើង​សំដៅ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

29 កាល​យាង​ទៅ​ជិត​ដល់​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថានី នៅ​ក្បែរ​ភ្នំ ដែល​ហៅ​ថា​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​ថា

30 ត្រូវ​ចូល​ទៅ​ក្នុង​ភូមិ​នៅ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ដល់​ហើយ នោះ​នឹង​ឃើញ​កូន​លា​១ គេ​ចង​ទុក ដែល​មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​វា​ដឹក‌នាំ​មក

31 បើ​អ្នក​ណា​សួរ​អ្នក​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា

32 ពួក​អ្នក​ដែល​ទ្រង់​បាន​ចាត់​នោះ ក៏​ទៅ​ឃើញ​មាន​ដូច​ជា​ទ្រង់​ប្រាប់

33 កំពុង​ដែល​គេ​ស្រាយ​កូន​លា ម្ចាស់​វា​ក៏​សួរ​ថា អ្នក​ស្រាយ​វា​ធ្វើ​អី

34 គេ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា

35 រួច​គេ​ដឹក​វា​ទៅ ថ្វាយ​ព្រះ‌យេស៊ូវ ក៏​ក្រាល​អាវ​គេ​លើ​ខ្នង ហើយ​ថ្វាយ​ទ្រង់​គង់

36 កំពុង​ដែល​ទ្រង់​យាង​ទៅ គេ​ក៏​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ

37 លុះ​ទ្រង់​យាង​ជិត​ដល់​ហើយ គឺ​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​មក នោះ​ពួក​សិស្ស​ទ្រង់​ទាំង​ហ្វូង​ចាប់​តាំង​មាន​សេចក្ដី​រីក‌រាយ ក៏​ពោល​សរសើរ​ដល់​ព្រះ ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​អស់​ទាំង​ការ​ឫទ្ធិ‌បារមី ដែល​គេ​បាន​ឃើញ​នោះ

38 គឺ​ពោល​ថា ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​បាន​សេចក្ដី​ក្សេម‌ក្សាន្ត​នៅ​ស្ថាន‌សួគ៌ និង​សិរី‌ល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត

39 នោះ​ពួក​ផារី‌ស៊ី​ខ្លះ ដែល​នៅ​ក្នុង​បណ្តា​មនុស្ស គេ​ទូល​ទ្រង់​ថា លោក​គ្រូ ត្រូវ​ស្តី​បន្ទោស​ដល់​ពួក​សិស្ស​លោក​ផង

40 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ។

ព្រះ‌យេស៊ូវ​សោក‌សៅ​ស្រណោះ​ក្រុង​យេរូ‌សាឡិម

41 កាល​ទ្រង់​យាង​ទៅ​បង្កើយ និង​ឃើញ​ទី​ក្រុង​ហើយ នោះ​ក៏​ទ្រង់​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា

42 ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្ដី ដែល​សំរាប់​ឲ្យ​ឯង​បាន​សុខ‌សាន្ត​ទៅ​អេះ ប៉ុន្តែ ឥឡូវ​នេះ សេចក្ដី​ទាំង​នោះ​បាន​កំបាំង​នឹង​ភ្នែក​ឯង​ហើយ

43 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ‌វិញ​ឯង ព្រម​ទាំង​ឡោម‌ព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស

44 គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា នៅ​ក្នុង​ឯង​ឡើយ ពី​ព្រោះ​ឯង​មិន​បាន​ស្គាល់​ពេល ដែល​ព្រះ​យាង​មក​ប្រោស​ឯង​សោះ។

ព្រះ‌យេស៊ូវ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះ‌វិហារ*

45 កាល​ទ្រង់​យាង​ចូល​ដល់​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ទ្រង់​ចាប់​តាំង​ដេញ​ពួក​អ្នក​ដែល​លក់​ដូរ​ចេញ

46 ដោយ​ព្រះ‌បន្ទូល​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «ដំណាក់​អញ​ជា​ទី​សំរាប់​អធិស្ឋាន»វិញ

47 ទ្រង់​ក៏​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ តែ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​អ្នក​ធំ ក្នុង​បណ្តា‌ជន គេ​ខំ​ស្វែង​រក​ឱកាស​នឹង​បំផ្លាញ​ទ្រង់​ចេញ

48 តែ​រក​ហេតុ​អ្វី​មិន​បាន​សោះ ពី​ព្រោះ​បណ្តា‌ជន​កំពុង​ប្រុង​ស្តាប់​ទ្រង់​ណាស់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24