1 កាលទ្រង់កំពុងឈរ នៅមាត់សមុទ្រគេនេសារ៉ែត នោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ ដើម្បីនឹងស្តាប់ព្រះបន្ទូល
2 ហើយទ្រង់ទតឃើញទូក២ចតនៅមាត់សមុទ្រ ដែលពួកអ្នកនេសាទបានឡើងទៅលាងអួនហើយ
3 ទ្រង់យាងចុះទូក១នោះ ជាទូករបស់ស៊ីម៉ូន ក៏សូមឲ្យគាត់ចេញទូកពីដីបន្តិចទៅ រួចទ្រង់គង់បង្រៀនដល់បណ្តាមនុស្សពីក្នុងទូកវិញ
4 លុះឈប់អធិប្បាយហើយ នោះទ្រង់មានព្រះបន្ទូលទៅស៊ីម៉ូនថា ឲ្យចេញទូកទៅឯកន្លែងទឹកជ្រៅទំលាក់អួនចាប់ត្រីចុះ
5 ស៊ីម៉ូនទូលឆ្លើយថា លោកគ្រូអើយ យប់មិញ យើងខ្ញុំបានខំដឹកអួនទាល់ភ្លឺ គ្មានបានអ្វីសោះ តែខ្ញុំនឹងទំលាក់អួន តាមពាក្យលោកមើល
6 កាលទំលាក់ទៅ នោះក៏ជាប់បានត្រីសន្ធឹក ដល់ម៉្លេះបានជាអួនចាប់តាំងធ្លាយ
7 នោះគេបោយដៃហៅគូកន ដែលនៅក្នុងទូក១ទៀត ឲ្យមកជួយគ្នា គេក៏មក ហើយចាប់ដាក់បានពេញទូកទាំង២ ទាល់តែពៀបស្ទើរនឹងលិច
8 កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ នោះគាត់ក្រាបនៅទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ សូមថយចេញពីទូលបង្គំ ដ្បិតទូលបង្គំជាមនុស្សមានបាប
9 គាត់ទូលដូច្នោះ ដោយហេតុគាត់ និងពួកអ្នកនៅជាមួយ នឹកស្ងើចក្នុងចិត្ត ពីត្រីដែលបានច្រើនដល់ម៉្លោះ
10 ហើយយ៉ាកុប និងយ៉ូហាន ជាកូនសេបេដេ ដែលជាពួកហ៊ុននឹងស៊ីម៉ូន ក៏ដូច្នោះដែរ តែព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូនថា កុំខ្លាចអី ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ
11 រួចកាលទូកបានដល់គោក នោះគេទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់ទៅ។
12 កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន
13 ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតចុះ ស្រាប់តែឃ្លង់ចេញពីគាត់ជា១រំពេចទៅ
14 រួចទ្រង់ហាមមិនឲ្យគាត់ប្រាប់ដល់អ្នកណាឡើយ តែត្រូវទៅបង្ហាញខ្លួនឲ្យសង្ឃពិនិត្យមើល ហើយថ្វាយដង្វាយដោយព្រោះបានជាស្អាតវិញ ដូចជាលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក
15 ប៉ុន្តែ ចេះតែឮនិយាយពីទ្រង់កាន់តែខ្លាំងឡើង ក៏មានមនុស្សកកកុញមកស្តាប់ផង ហើយឲ្យទ្រង់បានប្រោសជំងឺគេឲ្យជាផង
16 តែទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ។
17 មានថ្ងៃ១ កាលទ្រង់កំពុងតែបង្រៀន នោះមានពួកផារីស៊ី និងពួកអ្នកប្រាជ្ញច្បាប់ ដែលចេញពីគ្រប់ទាំងភូមិស្រុកកាលីឡេ ស្រុកយូដា និងក្រុងយេរូសាឡិម គេមកអង្គុយស្តាប់ ហើយព្រះចេស្តានៃព្រះអម្ចាស់ក៏នៅទីនោះ បំរុងនឹងប្រោសគេឲ្យជាដែរ
18 នោះឃើញមានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមក គេរកផ្លូវនាំគាត់ចូលទៅដាក់នៅចំពោះទ្រង់
19 តែពុំបានសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ នោះក៏ឡើងទៅលើដំបូល សំរូតគាត់ទៅ ទាំងដេកលើគ្រែ នៅកណ្តាលជំនុំ ចំពោះព្រះយេស៊ូវ តាមប្រហោងដំបូល
20 លុះទ្រង់បានឃើញសេចក្ដីជំនឿរបស់គេដូច្នោះ ក៏មានព្រះបន្ទូលថា អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ
21 នោះពួកអាចារ្យ និងពួកផារីស៊ី ចាប់តាំងរិះគិតគ្នាថា តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន
22 តែព្រះយេស៊ូវបានជ្រាបគំនិតគេ ក៏មានព្រះបន្ទូលសួរថា ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ
23 ដ្បិតដែលថា បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ឬថា ចូរអ្នកក្រោកឡើងដើរទៅ នោះតើពាក្យណាដែលងាយថាជាជាង
24 ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (នោះទ្រង់ក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងវិញ) ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅផ្ទះទៅ
25 គាត់ក៏ក្រោកឈរឡើងនៅមុខគេជា១រំពេច ហើយលើកគ្រែ ដែលបានដេក ចេញទៅឯផ្ទះ ទាំងសរសើរដំកើងដល់ព្រះបណ្តើរ
26 នោះបណ្តាមនុស្សកើតមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏សរសើរដំកើងព្រះ ហើយមានសេចក្ដីភ័យខ្លាចជាខ្លាំងថា យើងបានឃើញការចំឡែកណាស់នៅថ្ងៃនេះ។
27 ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានព្រះបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ
28 គាត់ក៏ទុករបស់ទាំងអស់ចោល ក្រោកតាមទ្រង់ទៅ
29 លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង និងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ
30 ពួកអាចារ្យ និងពួកផារីស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា ហេតុអ្វីបានជាបរិភោគ ជាមួយនឹងពួកអ្នកយកពន្ធ និងមនុស្សមានបាបដូច្នេះ
31 តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ
32 ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។
33 គេទូលទ្រង់ថា ហេតុអ្វីបានជាពួកសិស្សលោកយ៉ូហានតម ហើយអធិស្ឋានជាញយៗ ដូចជាសិស្សរបស់ពួកផារីស៊ីដែរ តែសិស្សលោកតែងតែបរិភោគដូច្នេះវិញ
34 ទ្រង់មានព្រះបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើអាចនឹងឲ្យពួកសំឡាញ់គាត់តមអាហារបានឬទេ
35 តែនឹងមានថ្ងៃមកដល់ កាលណោះ ប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ គេនឹងតមវិញ
36 ទ្រង់ក៏មានព្រះបន្ទូលទៅគេជាពាក្យប្រៀបប្រដូចថា គ្មានអ្នកណាដែលយកកំណាត់ថ្មី មកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ នឹងនាំឲ្យរហែកដល់ទាំងកំណាត់ថ្មីដែរ ហើយកំណាត់ដែលយកពីអាវថ្មី ក៏មិនសមនឹងអាវចាស់ផង
37 ក៏គ្មានអ្នកណាដែលយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មី នឹងទំលាយថង់ស្បែកហូរចេញមក ហើយថង់ស្បែកក៏ត្រូវខូចខាតផង
38 តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ នោះទាំង២យ៉ាងនឹងបានគង់នៅ
39 លុះកាលបានផឹកស្រាទំពាំងបាយជូរចាស់ហើយ គ្មានអ្នកណាចង់បានថ្មីទេ ដ្បិតគេថាចាស់ឆ្ងាញ់ជាង។