លូកា 6 KHOV

ព្រះ‌យេស៊ូវ​មាន​អំណាច​លើ​ថ្ងៃ​ឈប់​សំរាក

1 មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ទ្រង់​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​បាន​បូត​គួរ​ស្រូវ​បរិភោគ ដោយ​ញី​នឹង​ដៃ

2 មាន​ពួក​ផារី‌ស៊ី​ខ្លះ​ស្តី​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ

3 តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​នេះ​ផង​ទេ​ឬ​អី គឺ​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន

4 ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ យក​នំបុ័ង​តាំង​ទុក​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​បរិភោគ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ

5 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា កូន​មនុស្ស​ក៏​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សំរាក​ដែរ។

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក

6 នៅ​ថ្ងៃ​ឈប់​សំរាក​១​ទៀត ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ទី​នោះ​មាន​មនុស្ស​ម្នាក់ ដែល​ស្វិត​ដៃ​ខាង​ស្តាំ

7 ឯ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ក៏​សំឡឹង​មើល​ក្រែង​ទ្រង់​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ គឺ​ដើម្បី​នឹង​រក​រឿង​ចោទ​ប្រកាន់​ទ្រង់

8 តែ​ទ្រង់​ស្គាល់​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ

9 កាល​គាត់​ក្រោក​ឈរ​ឡើង នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ ឬ​អាក្រក់ និង​សង្គ្រោះ​ជីវិត ឬ​បំផ្លាញ

10 ទ្រង់​ក៏​ងាក​ជុំ‌វិញ ទត​មើល​គេ​ទាំង​អស់​គ្នា រួច​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង

11 គេ​មាន​សេចក្ដី​ឃោរ‌ឃៅ​ពោរ‌ពេញ ក៏​ពិគ្រោះ​គ្នា​ពី​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ដល់​ព្រះ‌យេស៊ូវ។

ព្រះ‌យេស៊ូវ​ជ្រើស‌រើស​សាវក​១២​រូប

12 នៅ​គ្រា​នោះ ទ្រង់​ចេញ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ ដរាប​ទាល់​ភ្លឺ

13 លុះ​ភ្លឺ​ឡើង ទ្រង់​ហៅ​ពួក​សិស្ស​មក ក៏​រើស​យក​១២​នាក់ ដែល​ទ្រង់​ហៅ​ថា សាវក

14 គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប​១ យ៉ូហាន​១ ភីលីព​១ បារថូ‌ល៉ូមេ​១

15 ម៉ាថាយ​១ ថូម៉ាស​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ស៊ីម៉ូន ដែល​ហៅ​ជា​អ្នក​ឧស្សាហ៍​១

16 និង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប​១ ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ដែល​ត្រឡប់​ជា​អ្នក​ក្បត់​១

17 ទ្រង់​យាង​ចុះ​មក​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ក៏​ឈប់​នៅ​ត្រង់​កន្លែង​រាប​ស្មើ នោះ​មាន​សិស្ស​ទ្រង់​ជា​ច្រើន និង​បណ្តា‌ជន​កក‌កុញ មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ក្រុង​យេរូ‌សាឡិម ហើយ​ពី​ស្រុក​ទីរ៉ុស ស្រុក​ស៊ីដូន ដែល​នៅ​ក្បែរ​សមុទ្រ ដើម្បី​នឹង​ស្តាប់​ទ្រង់ ហើយ​ប្រយោជន៍​ឲ្យ​បាន​ជា​ជំងឺ​គេ​ផង

18 ក៏​មាន​មនុស្ស​អារក្ស‌អសោច​ចូល​បាន​ជា​ដែរ

19 មនុស្ស​ទាំង​អស់​រក​ពាល់​ទ្រង់ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ មក​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។

ព្រះ‌ពរ និង​ទុក្ខ​វេទនា

20 ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស មាន​ព្រះ‌បន្ទូល​ថា មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​អើយ ដ្បិត​នគរ​ព្រះ​ជា​របស់​ផង​អ្នក​រាល់​គ្នា

21 មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច​វិញ

22 មាន​ពរ​ហើយ កាល​ណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់‌កាល់ ត្មះ‌តិះដៀល ហើយ​ចោល​ឈ្មោះ​អ្នក​រាល់​គ្នា​ចេញ ទុក​ដូច​ជា​អាក្រក់ ដោយ​ព្រោះ​កូន​មនុស្ស

23 ចូរ​អ្នក​រាល់​គ្នា​អរ​សប្បាយ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​លោត‌កញ្ឆេង​ចុះ ដ្បិត​មើល​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​យ៉ាង​ធំ នៅ​ឯ​ស្ថាន‌សួគ៌ ឯ​ពួក​អយ្យកោ​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ

24 តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ក្នុង​សម័យ​នេះ

25 វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត ដ្បិត​នឹង​ត្រូវ​ឃ្លាន​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​សើច​ក្នុង​ជាន់​ឥឡូវ​នេះ ដ្បិត​នឹង​កើត​ទុក្ខ​ព្រួយ ហើយ​យំ​សោក​វិញ

26 វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ពី​ព្រោះ​កាល​ពី​ដើម ពួក​អយ្យកោ​បាន​ប្រព្រឹត្ត​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ។

សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្មាំង​សត្រូវ

27 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ

28 ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក

29 ឯ​អ្នក​ណា​ដែល​ទះ​កំផ្លៀង​អ្នក​ម្ខាង នោះ​ត្រូវ​បែរ​ម្ខាង​ទៅ​ឲ្យ​គេ​ទៀត ហើយ​បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក នោះ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​អ្នក​ផង​ឡើយ

30 ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ផង​អ្នក នោះ​កុំ​ឲ្យ​ទារ​វិញ​ឡើយ

31 ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ

32 បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្រឡាញ់​គេ​ដូច​គ្នា​ដែរ

33 ហើយ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ចំពោះ​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នឹង​ខ្លួន​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ

34 បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដែល​សង្ឃឹម​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ឲ្យ​មនុស្ស​មាន​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ដូច​ដើម​វិញ

35 ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​នឹង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ

36 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ជា​ព្រះ‌វរ‌បិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ។

កុំ​ថ្កោល​ទោស​អ្នក​ដទៃ

37 កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ

38 ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ និង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ។

39 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ទៅ​គេ​ថា តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬ​ទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​២​នាក់​ទេ​ឬ​អី

40 សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ តែ​អ្នក​ណា​ដែល​បាន​គ្រប់​លក្ខណ៍ នោះ​នឹង​បាន​ដូច​ជា​គ្រូ​ដែរ

41 ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​ខ្លួន​វិញ​សោះ

42 ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​ប្អូន​បាន​ថា ប្អូន​អើយ ឲ្យ​អញ​យក​កំទេច ពី​ភ្នែក​ឯង​ចេញ​ដូច្នេះ ឱ​អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​ប្អូន​អ្នក​បាន​ដែរ។

ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់

43 ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មាន​ផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​មាន​ផល​ផ្លែ​ល្អ​ដែរ

44 ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ ដោយ‌សារ​តែ​ផ្លែ​ទេ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​អញ្ចាញ​ឡើយ

45 ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច។

មនុស្ស​ពីរ​នាក់​សង់​ផ្ទះ

46 ហេតុ​អ្វី​បាន​ជា​ហៅ​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​វិញ​ដូច្នេះ

47 ឯ​អស់​អ្នក​ដែល​មក​ស្តាប់​ពាក្យ​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ធៀប​ដូច​ជា​អ្វី

48 គឺ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ដាក់​ជើង​សសរ​នៅ​លើ​ថ្ម កាល​មាន​ទឹក​ជន់​ឡើង ហូរ​គំហុក​មក​ប៉ះ​នឹង​ផ្ទះ​នោះ នោះ​ធ្វើ​ឲ្យ​រញ្ជួយ​មិន​បាន​ឡើយ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម

49 តែ​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ឥត​ដាំ​ជើង​សសរ​សោះ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះ​ត្រូវ ផ្ទះ​នោះ​ក៏​រលំ​ទៅ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​ជា​ច្រើន​ផង។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24