10 ទ្រង់ក៏ប្រាប់ថា មើលកាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះ ទៅក្នុងផ្ទះណាដែលគាត់ចូល
11 ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា
12 នោះគាត់នឹងបង្ហាញបន្ទប់១ធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា ចូររៀបចំនៅទីនោះចុះ
13 គេក៏ទៅឃើញ ដូចជាទ្រង់បានមានព្រះបន្ទូល ហើយគេរៀបចំបុណ្យរំលង។
14 លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក
15 ទ្រង់មានព្រះបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត
16 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានបុណ្យនេះទៀតទេ ទាល់តែបុណ្យនេះបានសំរេចនៅក្នុងនគរព្រះវិញ