1 លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ
2 គឺខ្ញុំបានឡើងទៅទីនោះតាមការបើកសំដែង ហើយខ្ញុំបានប្រាប់ពួកគេអំពីដំណឹងល្អដែលខ្ញុំប្រកាសនៅក្នុងចំណោមសាសន៍ដទៃ រីឯពួកអ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក ក្រែងលោការដែលខ្ញុំបានរត់ និងកំពុងរត់ត្រលប់ជាឥតប្រយោជន៍
3 រីឯលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាជនជាតិក្រេកក្ដី ក៏មិនត្រូវបានបង្ខំឲ្យកាត់ស្បែកដែរ
4 ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក គឺជាពួកអ្នកដែលបានលបចូលមកក្នុងចំណោមយើង ដើម្បីអង្កេតមើលសេរីភាពរបស់យើងនៅក្នុងព្រះគ្រិស្ដយេស៊ូ ក្នុងបំណងធ្វើឲ្យយើងត្រលប់ជាទាសករ
5 ប៉ុន្ដែយើងមិនព្រមចុះចូលនឹងពួកគេទេ សូម្បីតែបន្ដិច ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អបាននៅស្ថិតស្ថេរជាមួយអ្នករាល់គ្នា។
6 រីឯពួកអ្នកដែលទំនងជាពួកអ្នកមុខអ្នកការវិញ ទោះបីគេធ្លាប់ជាអ្វីក៏ដោយ ក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះជាម្ចាស់មិនរើសមុខមនុស្សណាឡើយ ហើយពួកអ្នកដែលទំនងជាអ្នកមុខអ្នកការក៏មិនបានបន្ថែមអ្វីឲ្យខ្ញុំដែរ
7 ផ្ទុយទៅវិញ ពួកគេបានដឹងថា ដំណឹងល្អសម្រាប់ពួកមិនកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ ដូចដែលដំណឹងល្អសម្រាប់ពួកកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់លោកពេត្រុសដែរ