1 ខ្ញុំចង់និយាយដូច្នេះ កាលណាអ្នកស្នងមរតកនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបីគាត់ជាម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ
2 ប៉ុន្ដែគាត់ត្រូវស្ថិតនៅក្រោមមេការ និងអ្នកមើលការខុសត្រូវរហូតដល់ពេលដែលឪពុកបានកំណត់ទុក
3 រីឯយើងវិញក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ
4 លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកប្រសូតពីស្រ្តីម្នាក់ គឺឲ្យប្រសូតនៅក្រោមគម្ពីរវិន័យ
5 ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមគម្ពីរវិន័យឲ្យរួច និងដើម្បីឲ្យយើងបានទទួលឋានៈជាកូន
6 ហើយដោយព្រោះអ្នករាល់គ្នាជាកូន នោះព្រះជាម្ចាស់បញ្ជូនវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកគង់នៅក្នុងចិត្តយើង គឺវិញ្ញាណនេះហើយដែលបន្លឺសំឡេងថា អ័ប្បា! ព្រះវរបិតាអើយ!
7 ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ ប៉ុន្តែជាកូនវិញ ហើយបើអ្នករាល់គ្នាជាកូន អ្នករាល់គ្នាក៏ជាអ្នកស្នងមរតកដោយសារព្រះជាម្ចាស់ដែរ។
8 កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះជាម្ចាស់នៅឡើយ អ្នករាល់គ្នាបានបម្រើព្រះទាំងឡាយដែលមិនមែនជាព្រះដ៏ពិត
9 ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ហើយ តែស៊ូនិយាយថាព្រះជាម្ចាស់បានស្គាល់អ្នករាល់គ្នាវិញ ហេតុអ្វីបានជាអ្នករាល់គ្នាត្រលប់ទៅឯគោលការណ៍បឋមដ៏ទន់ខ្សោយ និងគ្មានតម្លៃម្តងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់បម្រើអ្វីៗទាំងនោះសាថ្មីទៀតឬ?
10 អ្នករាល់គ្នាប្រតិបត្តិតាមថ្ងៃ ខែ រដូវ និងឆ្នាំ។
11 ចំពោះអ្នករាល់គ្នា ខ្ញុំខ្លាចតែខ្ញុំធ្វើការនឿយហត់សម្រាប់អ្នករាល់គ្នាឥតប្រយោជន៍។
12 បងប្អូនអើយ! ខ្ញុំសូមឲ្យអ្នករាល់គ្នាត្រលប់ដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានត្រលប់ដូចជាអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើខុសនឹងខ្ញុំទេ
13 អ្នករាល់គ្នាដឹងថា កាលពីមុនខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាដោយភាពកម្សោយខាងឯសាច់ឈាមរបស់ខ្ញុំ
14 ហើយទោះបីមានសេចក្ដីល្បួងចំពោះអ្នករាល់គ្នាដោយសារសាច់ឈាមរបស់ខ្ញុំក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ អ្នករាល់គ្នាបានទទួលខ្ញុំដូចជាទេវតារបស់ព្រះជាម្ចាស់ ឬដូចជាព្រះគ្រិស្ដយេស៊ូ។
15 ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានពីមុននោះ នៅឯណា? ដ្បិតខ្ញុំធ្វើបន្ទាល់អំពីអ្នករាល់គ្នាថា បើអាចធ្វើបាន អ្នករាល់គ្នានឹងខ្វេះភ្នែកឲ្យខ្ញុំហើយ។
16 ដូច្នេះ តើខ្ញុំត្រលប់ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយព្រោះខ្ញុំនិយាយសេចក្ដីពិតឬ?
17 ពួកគេសង្វាតចង់បានអ្នករាល់គ្នា មិនមែនដោយបំណងល្អទេ ផ្ទុយទៅវិញ ពួកគេចង់បំបែកអ្នករាល់គ្នាចេញពីយើង ដើម្បីឲ្យអ្នករាល់គ្នាសង្វាតចង់បានពួកគេវិញ។
18 ល្អហើយ ដែលសង្វាតចង់បានការល្អជានិច្ច មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះទេ។
19 កូនរាល់គ្នាអើយ! ដើម្បីអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀតដូចគេសម្រាលកូន ទម្រាំព្រះគ្រិស្ដមានរូបរាងនៅក្នុងអ្នករាល់គ្នា។
20 ខ្ញុំចង់នៅជាមួយអ្នករាល់គ្នានាពេលឥឡូវនេះ និងផ្លាស់ប្ដូរសំដីរបស់ខ្ញុំ ព្រោះខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។
21 ឱ ពួកអ្នកចង់នៅក្រោមក្រឹត្យវិន័យអើយ! សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្តីដែលក្រឹត្យវិន័យចែងទេឬ?
22 ដ្បិតមានសេចក្ដីចែងទុកថា លោកអ័ប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់កើតពីស្ត្រីជាអ្នកបម្រើ ហើយម្នាក់ទៀតកើតពីស្ត្រីជាអ្នកមានសេរីភាព
23 ប៉ុន្ដែកូនដែលកើតពីស្ត្រីជាអ្នកបម្រើបានកើតតាមសាច់ឈាម រីឯកូនដែលកើតពីស្ត្រីជាអ្នកមានសេរីភាពបានកើតតាមសេចក្ដីសន្យា។
24 នេះជាការប្រៀបធៀប គឺស្រ្តីទាំងពីរនាក់នេះជាកិច្ចព្រមព្រៀងពីរ មួយមកពីភ្នំស៊ីណាយដែលបានបង្កើតកូនសម្រាប់ភាពជាបាវបម្រើ នោះជានាងហាការ។
25 នាងហាការជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ក៏ដូចជាក្រុងយេរូសាឡិមនាសព្វថ្ងៃនេះដែរ ព្រោះនាងត្រូវនៅជាបាវបម្រើជាមួយកូនចៅរបស់នាង
26 តែក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីជាអ្នកមានសេរីភាព ដែលជាម្តាយរបស់យើង។
27 ដ្បិតមានសេចក្ដីចែងទុកថា ឱស្រ្តីអារដែលមិនបង្កើតកូនអើយ! ចូរអរសប្បាយឡើង ឱស្ដ្រីដែលមិនស្គាល់ការឈឺចាប់នៅពេលសម្រាលកូនអើយ! ចូរបន្លឺសំឡេង ហើយស្រែកចុះ ព្រោះកូនរបស់ស្ត្រីឯកោមានច្រើនជាងកូនរបស់ស្ត្រីដែលមានប្តីទៅទៀត។
28 បងប្អូនអើយ! អ្នករាល់គ្នាជាកូនតាមសេចក្ដីសន្យាដូចលោកអ៊ីសាកដែរ
29 ប៉ុន្តែពេលនោះកូនដែលកើតតាមសាច់ឈាមបានបៀតបៀនកូនដែលកើតតាមព្រះវិញ្ញាណជាយ៉ាងណា ឥឡូវនេះក៏យ៉ាងនោះដែរ
30 តើបទគម្ពីរចែងយ៉ាងដូចម្តេច គឺចែងថា៖ «ចូរដេញស្ត្រីជាអ្នកបម្រើ និងកូនប្រុសរបស់នាងចេញទៅ ដ្បិតកូនប្រុសរបស់ស្ត្រីជាអ្នកបម្រើមិនត្រូវទទួលមរតកជាមួយកូនប្រុសរបស់ស្ត្រីជាអ្នកមានសេរីភាពឡើយ»
31 ដូច្នេះ បងប្អូនអើយ! យើងមិនមែនជាកូនរបស់ស្ត្រីជាអ្នកបម្រើទេ គឺជាកូនរបស់ស្ត្រីជាអ្នកមានសេរីភាពវិញ។