1 ឱពួកអ្នកស្រុកកាឡាទីដ៏ល្ងង់អើយ! តើអ្នកណាដាក់អំពើលើអ្នករាល់គ្នាឬ? នៅចំពោះភ្នែកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលការពិពណ៌នាយ៉ាងច្បាស់អំពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាងនោះហើយ
2 ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីនេះពីអ្នករាល់គ្នាប៉ុណ្ណោះ តើអ្នករាល់គ្នាទទួលព្រះវិញ្ញាណដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ?
3 ម្ដេចអ្នករាល់គ្នាល្ងង់ម្ល៉េះ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយវិញ្ញាណ តើឥឡូវនេះបញ្ចប់ដោយសាច់ឈាមឬ?
4 តើអ្នករាល់គ្នារងទុក្ខច្រើនដល់ម្ល៉េះដោយឥតប្រយោជន៍ឬ? ប្រហែលជាឥតប្រយោជន៍មែនទេដឹង។
5 ដូច្នេះ ដែលព្រះអង្គប្រទានព្រះវិញ្ញាណដល់អ្នករាល់គ្នា ព្រមទាំងធ្វើកិច្ចការដ៏មានអំណាចក្នុងចំណោមអ្នករាល់គ្នា តើដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ?
6 ដូចដែលលោកអ័ប្រាហាំជឿព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិតដោយសារជំនឿនោះ
7 ដូច្នេះ ចូរដឹងថា ពួកអ្នកដែលមានជំនឿ គឺជាកូនចៅរបស់លោកអ័ប្រាហាំ
8 ហើយបទគម្ពីរបានដឹងជាមុនថា ព្រះជាម្ចាស់នឹងរាប់ជនជាតិទាំងឡាយជាសុចរិតដោយសារជំនឿ ដូច្នេះហើយបានជាដំណឹងល្អត្រូវប្រកាសប្រាប់លោកអ័ប្រាហាំជាមុនថា៖ «ជនជាតិទាំងអស់នឹងទទួលពរតាមរយៈអ្នក»។
9 ដូច្នេះ ពួកអ្នកដែលមានជំនឿក៏ទទួលព្រះពរជាមួយលោកអ័ប្រាហាំដែលជាអ្នកមានជំនឿដែរ។
10 រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តិតាមគម្ពីរវិន័យ នោះត្រូវបណ្តាសាហើយ ដ្បិតមានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អស់អ្នកដែលមិនកាន់តាមសេចក្ដីទាំងអស់ដែលបានចែងទុកនៅក្នុងគម្ពីរវិន័យឲ្យប្រព្រឹត្ដតាម»។
11 ដូច្នេះ ច្បាស់ជាគ្មានអ្នកណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ដោយសារគម្ពីរវិន័យឡើយ ព្រោះមនុស្សសុចរិតនឹងរស់ដោយជំនឿ
12 រីឯគម្ពីរវិន័យមិនពឹងផ្អែកលើជំនឿទេ ផ្ទុយទៅវិញ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់ដោយសារសេចក្ដីទាំងនេះឯង។
13 មានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អ្នកណាដែលជាប់ព្យួរនៅលើឈើ» ដូច្នេះហើយ បានជាព្រះគ្រិស្ដបានលោះឲ្យយើងរួចពីបណ្តាសារបស់គម្ពីរវិន័យ ដោយព្រះអង្គត្រូវបណ្តាសាជំនួសយើង
14 ដើម្បីឲ្យពររបស់លោកអ័ប្រាហាំមានដល់ពួកសាសន៍ដទៃដោយសារព្រះគ្រិស្ដយេស៊ូ និងដើម្បីឲ្យយើងបានទទួលព្រះវិញ្ញាណ ដែលជាសេចក្ដីសន្យាតាមរយៈជំនឿ។
15 បងប្អូនអើយ! ខ្ញុំសូមនិយាយតាមបែបមនុស្សថា សូម្បីតែកិច្ចព្រមព្រៀងរបស់មនុស្ស បើគេព្រមព្រៀងគ្នាហើយ គ្មានអ្នកណាម្នាក់អាចលុបចោល ឬបន្ថែមបានឡើយ។
16 រីឯសេចក្ដីសន្យាទាំងឡាយនោះត្រូវបានសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ប៉ុណ្ណោះ ព្រះអង្គមិនបានមានបន្ទូលថា «ដល់ពូជពង្សទាំងឡាយ» ដែលសំដៅលើចំនួនច្រើននោះទេ ផ្ទុយទៅវិញ មានបន្ទូលថា «ដល់ពូជពង្សរបស់អ្នក» ដែលសំដៅលើចំនួនតែមួយ គឺជាព្រះគ្រិស្ដ
17 ខ្ញុំចង់និយាយដូច្នេះ គម្ពីរវិន័យដែលមាននៅបួនរយសាមសិបឆ្នាំក្រោយមិនអាចលុបកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានធ្វើកាលពីមុនបានឡើយ ហើយក៏មិនអាចធ្វើឲ្យសេចក្ដីសន្យាត្រលប់ជាឥតប្រយោជន៍បានដែរ
18 ព្រោះបើមរតកពឹងផ្អែកលើក្រឹត្យវិន័យ នោះលែងពឹងផ្អែកលើសេចក្ដីសន្យាទៀតហើយ ប៉ុន្ដែព្រះជាម្ចាស់បានប្រទានដល់លោកអ័ប្រាហាំតាមរយៈសេចក្ដីសន្យា។
19 ដូច្នេះ ហេតុអ្វីបានជាមានគម្ពីរវិន័យ? គម្ពីរវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតទាល់តែពូជពង្យដែលបានសន្យានោះមកដល់ ហើយគម្ពីរវិន័យត្រូវបានបង្គាប់មកតាមរយៈពួកទេវតាដោយដៃរបស់អ្នកសម្រុះសម្រួលម្នាក់។
20 អ្នកសម្រុះសម្រួលមិនមែនសម្រាប់ភាគីតែម្ខាងឡើយ ប៉ុន្តែព្រះជាម្ចាស់គឺមួយអង្គប៉ុណ្ណោះ។
21 ដូច្នេះ តើគម្ពីរវិន័យទាស់នឹងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឬ? ទេ មិនមែនទេ! ដ្បិតបើក្រឹត្យវិន័យដែលបានប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតនឹងមកតាមរយៈក្រឹត្យវិន័យយ៉ាងពិតប្រាកដ
22 តែបទគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យាតាមរយៈជំនឿលើព្រះយេស៊ូគ្រិស្ដបានប្រទានមកដល់ពួកអ្នកដែលជឿ
23 ប៉ុន្តែមុនពេលជំនឿមកដល់ យើងត្រូវបានឃុំទុកនៅក្រោមក្រឹត្យវិន័យ គឺត្រូវបានបង្ខាំងរហូតដល់ជំនឿដែលនឹងមកត្រូវបើកសំដែង។
24 ដូច្នេះ គម្ពីរវិន័យជាអ្នកមើលថែយើងដែលនាំយើងទៅឯព្រះគ្រិស្ដ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារជំនឿ
25 ប៉ុន្ដែពេលជំនឿមកដល់ហើយ នោះយើងមិនស្ថិតក្រោមអ្នកមើលថែទៀតឡើយ
26 ព្រោះអ្នកទាំងអស់គ្នាជាកូនរបស់ព្រះជាម្ចាស់ដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូ
27 ដ្បិតអស់អ្នកដែលទទួលពិធីជ្រមុជទឹកនៅក្នុងព្រះគ្រិស្ដ នោះបានប្រដាប់ខ្លួនដោយព្រះគ្រិស្ដហើយ។
28 ដូច្នេះ ដោយព្រោះអ្នកទាំងអស់គ្នាបានត្រលប់ជាតែមួយនៅក្នុងព្រះគ្រិស្ដយេស៊ូ នោះគ្មានជនជាតិយូដា គ្មានជនជាតិក្រេក គ្មានបាវបម្រើ គ្មានអ្នកមានសេរីភាព ហើយក៏គ្មានប្រុស គ្មានស្រីទៀតដែរ
29 បើអ្នករាល់គ្នាជារបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាជាពូជពង្សរបស់លោកអ័ប្រាហាំដែរ ហើយជាអ្នកស្នងមរតកតាមសេចក្ដីសន្យាទៀតផង។