1 លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ
2 គឺខ្ញុំបានឡើងទៅទីនោះតាមការបើកសំដែង ហើយខ្ញុំបានប្រាប់ពួកគេអំពីដំណឹងល្អដែលខ្ញុំប្រកាសនៅក្នុងចំណោមសាសន៍ដទៃ រីឯពួកអ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក ក្រែងលោការដែលខ្ញុំបានរត់ និងកំពុងរត់ត្រលប់ជាឥតប្រយោជន៍
3 រីឯលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាជនជាតិក្រេកក្ដី ក៏មិនត្រូវបានបង្ខំឲ្យកាត់ស្បែកដែរ
4 ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក គឺជាពួកអ្នកដែលបានលបចូលមកក្នុងចំណោមយើង ដើម្បីអង្កេតមើលសេរីភាពរបស់យើងនៅក្នុងព្រះគ្រិស្ដយេស៊ូ ក្នុងបំណងធ្វើឲ្យយើងត្រលប់ជាទាសករ
5 ប៉ុន្ដែយើងមិនព្រមចុះចូលនឹងពួកគេទេ សូម្បីតែបន្ដិច ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អបាននៅស្ថិតស្ថេរជាមួយអ្នករាល់គ្នា។
6 រីឯពួកអ្នកដែលទំនងជាពួកអ្នកមុខអ្នកការវិញ ទោះបីគេធ្លាប់ជាអ្វីក៏ដោយ ក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះជាម្ចាស់មិនរើសមុខមនុស្សណាឡើយ ហើយពួកអ្នកដែលទំនងជាអ្នកមុខអ្នកការក៏មិនបានបន្ថែមអ្វីឲ្យខ្ញុំដែរ
7 ផ្ទុយទៅវិញ ពួកគេបានដឹងថា ដំណឹងល្អសម្រាប់ពួកមិនកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ ដូចដែលដំណឹងល្អសម្រាប់ពួកកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់លោកពេត្រុសដែរ
8 ដ្បិតព្រះអង្គដែលធ្វើការតាមរយៈលោកពេត្រុសនៅក្នុងតួនាទីជាសាវកសម្រាប់ពួកកាត់ស្បែក ក៏បានធ្វើការតាមរយៈខ្ញុំសម្រាប់ពួកសាសន៍ដទៃដែរ
9 ហើយពេលបានទទួលស្គាល់ព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំរួចហើយ លោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលត្រូវបានចាត់ទុកថាជាសសរទ្រូងបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងលោកបារណាបាស ដើម្បីឲ្យយើងទៅឯពួកសាសន៍ដទៃ រីឯពួកគេទៅឯពួកអ្នកកាត់ស្បែកវិញ។
10 ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំពីអ្នកក្រ នោះហើយជាកិច្ចការដែលខ្ញុំព្យាយាមធ្វើដែរ។
11 ប៉ុន្ដែកាលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបន្ទោសគាត់នៅចំពោះមុខ ព្រោះគាត់សមនឹងបន្ទោស
12 ដ្បិតមុនពេលពួកអ្នកខ្លះដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ
13 រីឯជនជាតិយូដាផ្សេងទៀតក៏បានធ្វើពុតជាមួយគាត់ដែរ សូម្បីតែលោកបារណាបាសក៏ត្រូវអូសទាញដោយពុតត្បុតរបស់ពួកគេដែរ។
14 ដូច្នេះ ពេលខ្ញុំឃើញថា ពួកគេដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅចំពោះមុខពួកគេទាំងអស់គ្នាថា បើលោកដែលជាជនជាតិយូដាមិនរស់នៅដូចជនជាតិយូដាផង បែរជារស់នៅដូចសាសន៍ដទៃ តើលោកបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាយ៉ាងដូចម្ដេចបាន?
15 យើងជាជនជាតិយូដាពីកំណើត យើងមិនមែនជាមនុស្សបាបនៅក្នុងចំណោមសាសន៍ដទៃទេ
16 យើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ គឺបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូវិញ ហេតុនេះបានជាយើងជឿលើព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដ មិនមែនដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ ព្រោះគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យឡើយ
17 ប៉ុន្ដែបើពេលយើងកំពុងខិតខំឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រិស្ដ ហើយឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរនោះ តើព្រះគ្រិស្តជាអ្នកបម្រើបាបឬ? ទេ មិនមែនទេ។
18 បើខ្ញុំសង់អ្វីដែលខ្ញុំបានបំផ្លាញចោលឡើងវិញ នោះបង្ហាញឲ្យឃើញថា ខ្លួនខ្ញុំជាអ្នកល្មើសក្រឹត្យវិន័យហើយ
19 ដ្បិតខ្ញុំបានស្លាប់ខាងឯគម្ពីរវិន័យដោយសារគម្ពីរវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះជាម្ចាស់វិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ដហើយ
20 ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ
21 ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍!