12 ដ្បិតមុនពេលពួកអ្នកខ្លះដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ
13 រីឯជនជាតិយូដាផ្សេងទៀតក៏បានធ្វើពុតជាមួយគាត់ដែរ សូម្បីតែលោកបារណាបាសក៏ត្រូវអូសទាញដោយពុតត្បុតរបស់ពួកគេដែរ។
14 ដូច្នេះ ពេលខ្ញុំឃើញថា ពួកគេដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅចំពោះមុខពួកគេទាំងអស់គ្នាថា បើលោកដែលជាជនជាតិយូដាមិនរស់នៅដូចជនជាតិយូដាផង បែរជារស់នៅដូចសាសន៍ដទៃ តើលោកបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាយ៉ាងដូចម្ដេចបាន?
15 យើងជាជនជាតិយូដាពីកំណើត យើងមិនមែនជាមនុស្សបាបនៅក្នុងចំណោមសាសន៍ដទៃទេ
16 យើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ គឺបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូវិញ ហេតុនេះបានជាយើងជឿលើព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដ មិនមែនដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ ព្រោះគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យឡើយ
17 ប៉ុន្ដែបើពេលយើងកំពុងខិតខំឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រិស្ដ ហើយឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរនោះ តើព្រះគ្រិស្តជាអ្នកបម្រើបាបឬ? ទេ មិនមែនទេ។
18 បើខ្ញុំសង់អ្វីដែលខ្ញុំបានបំផ្លាញចោលឡើងវិញ នោះបង្ហាញឲ្យឃើញថា ខ្លួនខ្ញុំជាអ្នកល្មើសក្រឹត្យវិន័យហើយ