9 ដូច្នេះ ពួកអ្នកដែលមានជំនឿក៏ទទួលព្រះពរជាមួយលោកអ័ប្រាហាំដែលជាអ្នកមានជំនឿដែរ។
10 រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តិតាមគម្ពីរវិន័យ នោះត្រូវបណ្តាសាហើយ ដ្បិតមានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អស់អ្នកដែលមិនកាន់តាមសេចក្ដីទាំងអស់ដែលបានចែងទុកនៅក្នុងគម្ពីរវិន័យឲ្យប្រព្រឹត្ដតាម»។
11 ដូច្នេះ ច្បាស់ជាគ្មានអ្នកណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ដោយសារគម្ពីរវិន័យឡើយ ព្រោះមនុស្សសុចរិតនឹងរស់ដោយជំនឿ
12 រីឯគម្ពីរវិន័យមិនពឹងផ្អែកលើជំនឿទេ ផ្ទុយទៅវិញ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់ដោយសារសេចក្ដីទាំងនេះឯង។
13 មានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អ្នកណាដែលជាប់ព្យួរនៅលើឈើ» ដូច្នេះហើយ បានជាព្រះគ្រិស្ដបានលោះឲ្យយើងរួចពីបណ្តាសារបស់គម្ពីរវិន័យ ដោយព្រះអង្គត្រូវបណ្តាសាជំនួសយើង
14 ដើម្បីឲ្យពររបស់លោកអ័ប្រាហាំមានដល់ពួកសាសន៍ដទៃដោយសារព្រះគ្រិស្ដយេស៊ូ និងដើម្បីឲ្យយើងបានទទួលព្រះវិញ្ញាណ ដែលជាសេចក្ដីសន្យាតាមរយៈជំនឿ។
15 បងប្អូនអើយ! ខ្ញុំសូមនិយាយតាមបែបមនុស្សថា សូម្បីតែកិច្ចព្រមព្រៀងរបស់មនុស្ស បើគេព្រមព្រៀងគ្នាហើយ គ្មានអ្នកណាម្នាក់អាចលុបចោល ឬបន្ថែមបានឡើយ។